ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ធ្វើការពិនិត្យ ដើម្បីរៀបចំចុះបញ្ជីភ្នំសំពៅ និងភ្នំបាណន់ ជាតំបន់បេតិភណ្ឌធម្មជាតិ

ភ្នំពេញ ៖ មន្រ្តីជំនាញ នៃក្រសួងបរិស្ថាន រួមជាមួយ សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង មន្ទីរបរិស្ថានខេត្ត អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និង ដៃគូអភិវឌ្ឍន៍ កំពុងរួមគ្នាសិក្សាលើទិន្នន័យ និងពិនិត្យពិភាក្សា ទៅលើសក្តានុពលនៃតំបន់ភ្នំថ្មកំបោរ ចំនួន២គឺភ្នំសំពៅ និង តំបន់ភ្នំបាណន់ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដើម្បីរៀបចំ ចុះបញ្ជីជាតំបន់បេតិភណ្ឌធម្មជាតិ។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែងនៅថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០២៥នេះថាតាមរយៈការរពិនិត្យ ស្រាវជ្រាវពីសំណាក់ មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ បានកំពុងប្រែក្លាយតំបន់នេះជាតំបន់ ដែលមាន សក្តានុពលយ៉ាងសំខាន់ ប្រវត្តិសាស្រ្ត និងមានសម្បត្តិធនធានធម្មជាតិ ដែលអាចរៀបចំជាគោលដៅលំហែ បៃតងផដែរ។

លោក ហេង ហុង ប្រធាននាយកដ្ឋាន តំបន់បេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ជាប្រធានក្រុមការងារ ក្រសួងបរិស្ថាន កាលពីថ្ងៃទី៧- ៨ ខែកក្កដា ឆ្នាំ២០២៥ បានសហការជាមួយ អ្នកស្រាវជ្រាវមកពី អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិនៅកម្ពុជា(FFI) និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តបាត់ដំបង បានផ្សព្វផ្សាយលទ្ធផលស្តីពី «ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅ ភ្នំបាណន់ និងភ្នំសំពៅ» ដោយអង្គការ(FFI) និងនាយកដ្ឋានជីវៈចម្រុះ កាលពីឆ្នាំ២០២៤, និងបានចុះពិនិត្យទីតាំងសក្តានុពលនៅភ្នំបាណន់និងភ្នំសំពៅ និងជួបសំណេះសំណាលជាមួយសហគមន៍មូលដ្ឋាន។

តាមលទ្ធផល នៃកាសិក្សាស្រាវជ្រាវ ដោយដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ(Camera trap) បានរកឃើញប្រភេទសត្វ ស្ថិតនៅក្នុងចំណាត់ថ្នាក់ កំពុងរងគ្រោះថ្នាក់ជាសាកល រួមមាន សត្វពង្រូល, ក្ងោក, កែះ, ស្វាត្រោស, ស្វាក្តាម និងប្រភេទសត្វ មានដោយបង្គួរជាច្រើនទៀត ដូចជា សត្វឆ្កែចចក, ឆ្មាដាវ, ប្រម៉ា, ក្តាន់ញ៉ែងតូច និងជាពិសេសបានរកឃើញប្រភេទសត្វតុកកែ,សត្វជីងចក់ និងខ្យងគោកដែលជាប្រភេទថ្មីសម្រាប់កម្ពុជានិងពិភពលោក។

សូមបញ្ជាក់ថា ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងក្រុងបុរាណខ្មែរនាសម័យអង្គរ, មានសិលាចារឹក K.1434, មានប្រាសាទបុរាណ, មានល្អាងជាច្រើន និងជាទីតាំងថ្មកំបោរដ៏កម្រដែលជាអតីតនៅក្នុងសមុទ្រមានអាយុកាលក្នុងស័កទី១ Paleozoic ក្នុងសម័យកាល Permian មាន អាយុកាល(២៥១-២៩៩ លានឆ្នាំមុន)៕

To Top