ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសមត្ថកិច្ចស្រាវជ្រាវ វែកមុខ និងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ចំពោះករណីក្មេងស្ទាវ បានធ្វើសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោក ផន រឹម បានគូសបញ្ជាក់ថា «សូមសមត្ថកិច្ចស្រាវជ្រាវ វែកមុខ និងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។ ប៉ុន្មានថ្ងៃនេះ មានករណីក្មេងស្ទាវ (ដូចក្នុងរូប) បានធ្វើសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយថតវីដេអូ និងបង្ហោះជាសាធារណៈក្នុងចេតនាលេងសើចខុសទំនង និងជាទង្វើល្មើសច្បាប់ ដែលមិនអាចអត់ឱនឱ្យបាន»។

អ្នកនាំពាក្យ បន្ដថា មិនត្រឹមតែជាសកម្មភាពបំផ្លិចបំផ្លាញបរិក្ខារផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋប៉ុណ្ណោះទេ សកម្មភាពនេះ អាចបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដល់អាយុជីវិតអ្នកដំណើរ និងយានយន្ត ដោយសារបង្គោលនេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកដំណើរ។

គួរបញ្ជាក់ថា នេះជាបង្គោលសញ្ញានាំផ្លូវ(Guide Post) ដែលប្រើប្រាស់សម្រាប់បង្ហាញ ជូនព័ត៌មានដល់អ្នកបើកបរឱ្យដឹងពីផ្លូវកោងគ្រោះថ្នាក់ ដោយចុះឡើតចំណោត ឬមាត់ជ្រោះ ឬកន្លែងមានឧបសគ្គដូចជា៖ ក្បាលស្ពាន ខឿន លូ ឬសួនច្បារ ជាដើម៕
