ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋ និងអាជ្ញាធរ ទប់ស្កាត់ការកកើតសត្វមូល ក្នុងរដូវវស្សា

ភ្នំពេញ ៖ ក្នុងរដូវវស្សា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរនានា។

យោងតាមសេចក្ដីណែនាំក្រើនរំលឹក របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងអំឡុងពេលរដូវវស្សានេះ ជំងឺគ្រុនឈាម មាននិន្នាការកើនឡើងចាប់តាំងពីចុងខែមេសា ឆ្នាំ២០២៥ និងអាចបន្តកើនជាបន្តបន្ទាប់ ដោយសារ មានកំណើនទឹកភ្លៀង ដែលបង្កឱ្យមានទឹកដក់នៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកង់ឡាន សំបកកង់ម៉ូតូចាស់ៗ ត្រឡោកដូង កែវ ចានជ័រ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជំរកសត្វមូសខ្លា។

ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា « សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក» ព្រមទាំង អនុវត្តនូវវិធានការអន្តរាគមន៍ ប្រកបដោយភាពទទួលខុសត្រូវនិងស្មារតីខ្ពស់ ដើម្បីការការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍»។

ក្រសួង បន្ដា ប្រសិនបើលោកអ្នក ឬសមាជិកគ្រួសារ មានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី ៣៩ ទៅ ៤០អង្សាសេ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងអំឡុង ៤៨ម៉ោងយ៉ាងតិច និងសូម ទូរសព្ទមកលេខ ១១៥ បើមានសំណួរបន្ថែម ឬចូលរួមរាយការណ៍៕

To Top