ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាថៃម្នាក់ ដែលត្រូវបានចោទ ពីបទរំលោភ អតីតអ្នកផ្សាយព័ត៌មាន គឺជាប់សង្ស័យក្នុង សំណុំរឿងចោរកម្ម ដ៏ល្បីមួយទៀត ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពី៤ឆ្នាំមុន

បរទេស៖ ប៉ូលីសនៅសង្កាត់ Bang Pakong បាននិយាយកាលពីថ្ងៃពុធថា សមាជិកព្រឹទ្ធសភាម្នាក់ ដែលកាលពីពេលថ្មីៗនេះ ដែលត្រូវបាន ចោទប្រកាន់ពីបទ រំលោភផ្លូវភេទ ទៅលើអតីតអ្នកផ្សាយព័ត៌មាន គឺជាប់សង្ស័យក្នុង សំណុំរឿងចោរកម្ម ដ៏ល្បីដែលផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍បណ្តាល ឱ្យមានមនុស្សស្លាប់ កាលពីបួនឆ្នាំមុន។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកវីរសេនីយ៍ Phongsan Meesri ស្នងការប៉ូលីស ស្រុក Bang Pakong បាននិយាយថា ករណីនេះពាក់ព័ន្ធនឹង ការលួចទ្រព្យសម្បត្តិ មានតម្លៃជាង ១,៥ លានបាតពីជនរងគ្រោះដោយឧបទ្ទវហេតុ ដោយអ្នកស្ម័គ្រចិត្តជួយសង្គ្រោះពីរនាក់ ដែលម្នាក់ក្រោយមកបាន ក្លាយជាសមាជិកព្រឹទ្ធសភា កាលពីខែមិថុនាឆ្នាំមុន។

ប៉ូលិសបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពាក់កណ្តាល អធ្រាត្រឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅពេលដែលរថយន្តមួយគ្រឿង បានក្រឡាប់នៅក្នុងសង្កាត់ Bang Pakong ខេត្ត Chachoengsao។ ក្រោយពេលកើតហេតុ សាច់ញាតិរបស់អ្នកស្លាប់បានរាយការណ៍ថា បាត់សម្ភារៈពីកន្លែងកើតហេតុ ។

រូបភាពពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា មានរថយន្តមួយគ្រឿង មកជួយ ដោយបុរសពីរនាក់បានដើរចេញ។ ក្រោយមកអ្នកទាំងពីរត្រូវបានគេកំណត់អត្តសញ្ញាណថា ជាសមាជិកនៃមូលនិធិសង្គ្រោះ។ ពេលសាកសួរ គឺជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពិតជាបានលួចរបស់ជនរងគ្រោះពិតប្រាកដមែន។

ពួកគេបានប្រគល់វត្ថុតាងចំនួន៣ រួមមានទូរស័ព្ទដៃ២គ្រឿង និងកាបូបដៃម៉ាក LV ។ ទោះជាយ៉ាងណាក៏ដោយ វត្ថុមានតម្លៃខ្ពស់ចំនួនបួននៅតែបាត់ រួមមានលុយសុទ្ធចំនួន ២២០.០០០ បាត, ខ្សែកមាស១ខ្សែ និងព្រះស្រោបមាស ដែលមានតម្លៃ ១,២ លានបាត៕

ប្រែសម្រួលៈ ណៃ តុលា

To Top