ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត ៖ ច្បាប់បង្កើតមក ដើម្បីដោះស្រាយបញ្ហា របស់មនុស្ស ពុំមែនជាការបង្កើតបញ្ហាបន្ថែម ឬបង្កើតបន្ទុកនោះទេ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា អភិក្រមនៃការបង្កើតច្បាប់ គឺច្បាប់បង្កើតមក ដើម្បីដោះស្រាយបញ្ហា របស់មនុស្សនិងសង្គម ពុំមែនជាការបង្កើតបញ្ហាបន្ថែម ឬការបង្កើតបន្ទុក នោះទេ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត នាឱកាសអញ្ជើញចូលរួមពិធីប្រកាស ដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត បានថ្លែងឱ្យដឹងថា នីតិរដ្ឋកើតចេញពីការឯកភាពគ្នាលើការកំណត់ នូវវិធាននានា (Rules-based) ដែលមានលក្ខណៈច្បាស់លាស់ ដោយដាក់ចេញនូវគុណតម្លៃ (Value) ទៅក្នុងវិធានទាំងនោះឱ្យទៅជាច្បាប់សម្រាប់ទាំងអស់គ្នាគោរពតាម ហើយគ្មានអ្នកណាមានសិទ្ធិលើសអ្នកណាចំពោះមុខច្បាប់ឡើយ គឺត្រូវតែស្មើគ្នាចំពោះមុខច្បាប់ ហើយនៅក្រោមច្បាប់ទាំងអស់គ្នា។

លោកឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា « ដូច្នេះ បើដាក់ច្បាប់នៅលើមនុស្ស ច្បាប់នោះ ត្រូវតែល្អនិង ត្រូវមានប្រយោជន៍ ពិសេស ត្រូវស័ក្តិសមនឹងតថភាព ជាក់ស្តែងនិងត្រូវបម្រើឱ្យការការពារជាតិ ការកសាងជាតិ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក៏ដូចជាការការពារសិទ្ធិ និងសេរីភាពបុគ្គល។ លើសពីនេះទៀត អភិក្រមនៃការបង្កើតច្បាប់ គឺច្បាប់បង្កើតមកដើម្បីដោះស្រាយបញ្ហារបស់មនុស្សនិងសង្គម ពុំមែនជាការបង្កើតបញ្ហាបន្ថែម ឬការបង្កើតបន្ទុកនោះទេ»។

លោកឧបនាយករដ្ឋមន្រ្តី បន្ដថា នៅក្នុងទស្សនៈនេះ ការប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានីតិរដ្ឋរបស់កម្ពុជា គឺត្រូវឱ្យស្របតាមបរិការណ៍កម្ពុជា ដែលបង្កប់នូវគុណតម្លៃល្អៗ និងមានប្រយោជន៍ដល់សង្គមជាតិកម្ពុជា ក្នុងនោះ មានទាំងគុណតម្លៃផ្នែកសីលធម៌ (Ethic) និយាមសង្គម (Social norm) ប្រពៃណី (Tradition) និងទំនៀមទម្លាប់ (Custom) ផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី បន្ថែមថា នៅក្នុងន័យនេះ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ពិតជាត្រូវការនូវការគាំទ្រ ក៏ដូចជាការចូលរួមយ៉ាងសកម្ម និងបុរេសកម្ម ពីសំណាក់គ្រប់ដៃគូ និងតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស ពីគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្រេចឱ្យបានជោគជ័យនូវផែនការកម្មវិធីការងារនៃក្របខ័ណ្ឌយុទ្ធសាស្ត្រកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល៕

To Top