ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានលេីកឡេីង កម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច។
នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយ ស្តីពី “ការបង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងអាកាសធាតុនៅកម្ពុជា” នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៤ ទេសរដ្ឋមន្ត្រី បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍជារួម របស់ប្រទេសនានាក្នុងតំបន់ ហើយកម្ពុជា ក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុផងដែរ ដោយប្រជាពលរដ្ឋកម្ពុជាប្រមាណ ៧០% បម្រើការនៅក្នុងវិស័យកសិកម្ម។
ទោះយ៉ាងនេះក្តី លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការឆ្លើយតបម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច។ កម្ពុជា បានឈានទៅរកកំណើនបៃតង ដោយក្នុងនោះបានបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ កាត់បន្ថយការបំភាយកាបូនិក និងពង្រឹងសន្តិសុខថាមពល”។
ជាមួយគ្នានេះ លោកទេសរដ្ឋន្ត្រី បានលើកឡើងនូវអនុសាន៍ចំនួន ០៤ ដែលចូលរួមដល់កិច្ចប្រឹងប្រឹងប្រែង បង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងអាកាសធាតុ ដែលមានដូចខាងក្រោម៖
ទី១៖ ត្រូវប្រើប្រាស់ឧបករណ៍សារពើពន្ធវៃឆ្លាត សម្រាប់ការវិភាគ ការរៀបចំផែនការ និងការសម្រេចចិត្តលើការវិនិយោគ។
ទី២៖ ត្រូវពង្រឹងកិច្ចសម្របសម្រួលអន្តរស្ថាប័ន ដោយតម្រូវឱ្យគ្រប់ស្ថាប័នបញ្ចូលការបង្កើនភាពធន់អាកាសធាតុ ទៅក្នុងការរៀបចំផែនការរបស់ខ្លួន។
ទី៣៖ ត្រូវបង្កើនការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងផ្តល់ការលើកទឹកចិត្ត ដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងថាមពលស្អាត ដែលធន់ទៅនឹងអាកាសធាតុ។
ទី៤៖ ត្រូវពង្រឹងសមត្ថភាពជាតិ ក្នុងការរៀបចំយុទ្ធសាស្ត្រ និងគោលនយោបាយ សំដៅបង្កើនភាពធន់ទៅនឹងអាកាសធាតុ។
លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើនភាពធន់អាកាសធាតុ គឺជាការការពារដល់សហគមន៍ងាយរងគ្រោះ ហើយទាមទារឱ្យមានកិច្ចសហការខ្ពស់ រវាងគ្រប់ភាគីពាក់ព័ន្ធ និងមានយុទ្ធសាស្ត្រវែងឆ្ងាយ ដែលឆ្លើយតមទៅនឹងស្ថានភាពជាក់ស្តែង នៃប្រទេសនីមួយៗ នៅក្នុងតំបន់៕


