ព័ត៌មានជាតិ

កម្ពុជា បាននិងកំពុងពង្រឹងភាព​​ ជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងពង្រឹងភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃជាសកល។

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតីបានលើកឡើងថា កម្ពុជាបានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុង ក្នុងការកសាងច្បាប់ មកកាន់ភាពជាម្ចាស់ លើការតាក់តែងច្បាប់ដោយខ្លួនឯង និងដើម្បីខ្លួនឯង ដោយធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល។

សម្ដេចបវរធិបតីបន្តថា អំណាចអធិបតេយ្យរបស់ជាតិ លើការតាក់តែង និងអនុវត្តច្បាប់ ត្រូវបានលើកតម្កើងបន្ថែមទៀត តាមរយៈការកសាងច្បាប់កម្ពុជា ដោយកម្ពុជា ជូនកម្ពុជា និងដើម្បីកម្ពុជា ជាមួយនឹងការធានាបាននូវវឌ្ឍនភាព វិបុលភាព និងផលប្រយោជន៍របស់ខ្លួន ក៏ដូចជាធ្វើសមាហរណកម្ម ទៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិ ចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់គតិយុត្ត នៅលើសកលលោក ។

សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលបានធ្វើការកែលម្អ វិចារណកម្ម និងបច្ចុប្បន្នកម្ម ជាបន្តបន្ទាប់ ទាំងលើផ្នែកគោលនយោបាយ ទាំងផ្នែកយុទ្ធសាស្រ្ត ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០២៤ ក្នុងទិសដៅធានាសង្គតិភាព និងសមានគតិភាពរវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល។

ស្ថិតក្នុងស្មារតីនេះ នៅដើមឆ្នាំ២០២៤ កន្លងទៅ, សម្ដេចបវរធិបតីថា សម្តេចបានសម្រេចញែកការដ្ឋាន កែទម្រង់ច្បាប់ ដាច់ចេញពីការដ្ឋាន កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយកំណត់ឲ្យការកែទម្រង់ច្បាប់ ស្ថិតនៅក្រោមការដឹកនាំ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ។ រីឯការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងយុត្តិធម៌ និងតុលាការកំពូល ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង នៃបញ្ហាប្រឈម ក្នុងប្រព័ន្ធច្បាប់ខ្មែរបច្ចុប្បន្ន និងជាពិសេសឆ្លើយតបទៅ នឹងមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដូចដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ៕

To Top