ព័ត៌មានជាតិ

ក្រសួងទេសចរណ៍៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិ លើកទី២៤ ជាឱកាសអាចទាក់ទាញ ទីផ្សារទេសចរណ៍ពីតំបន់មេឌីទែរ៉ានេ

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា សាធារណរដ្ឋអាល់ហ្សេរី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ទេសចរណ៍ និងទេសចរណ៍អន្តរជាតិ លើកទី២៤ (The 24th International Tourism and Travel Exhibition – SITEV) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍អាល់ហ្សេរី ។

ក្នុងនោះ ក្រសួងទេសចរណ៍ យល់ឃេីញថា ពិព័រណ៍ទេសចរណ៍ និងទេសចរណ៍អន្តរជាតិនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់បំផុតមួយ នៃទីផ្សារអាល់ហ្សេរី ដែលអាចទាក់ទាញ ទីផ្សារទេសចរណ៍ មកពីតំបន់មេឌីទែរ៉ានេ ដែលមានលក្ខណៈ B2B និង B2C ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់បំផុតមួយ នៃទីផ្សារអាល់ហ្សេរី ដែលអាចទាក់ទាញ ទីផ្សារទេសចរណ៍មកពីតំបន់មេឌីទែរ៉ានេ ដែលមានលក្ខណៈ B2B និង B2C ដោយមានការចូលរួម ពីប្រតិបត្តិករទេសចរណ៍ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ អង្គការ និងស្ថាប័ននានា ដែលសកម្មក្នុងវិស័យទេសចរណ៍ជាច្រើនរូប ដើម្បីផ្សព្វផ្សាយ ពីការច្នៃប្រឌិត និងបរិវត្តកម្មឌីជីថល ក្នុងវិស័យទេសចរណ៍ រួមទាំងលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

បន្ថែមលេីនេះ ក្រសួងទេសចរណ៍ បានអំពាវនាវ ដល់សាធារណជន សមាគម ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា ដែលមានបំណងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ SITEV ខាងលើ ដើម្បីចាប់ឱកាសពង្រីកទំនាក់ទំនង ជាមួយដៃគូអាជីវកម្ម លើទីផ្សារអាល់ហ្សេរី សូមចូលទៅកាន់គេហទំព័រ៖ www.sitev.dz/en/home/.៕

To Top