ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាល ជាលើកទី៣ ជាមួយគណៈវិជ្ជាជីវៈសុខាភិបាល នាថ្ងៃ១០ កក្កដា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងនាមជាតួអង្គគន្លឹះ គណៈវិជ្ជាជីវៈ សុខាភិបាល ទាំងអស់ ត្រូវបង្កើនកិច្ចសហការ ទាំងផ្នែកបច្ចេកទេស រដ្ឋបាល និង ទំនាក់ទំនង រវាងគ្នានឹងគ្នា ជាពិសេសប្រឹក្សារក ឲ្យឃើញស្នូលនៃបញ្ហា ដើម្បីដោះស្រាយ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ និងលើកទឹកចិត្ត ឲ្យបន្តកិច្ចខិតខំប្រឹងប្រែង បំពេញការងារស្នូលរបស់ខ្លួន ដើម្បីបុព្វហេតុអ្នកជំងឺ សាធារណៈជន និងសហគមន៍ ដោយប្រតិបត្តិការងារ ឲ្យស្របតាមយុទ្ធសាស្រ្ត អាទិភាព និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្មារតីវិជ្ជាជីវៈ ធានាក្រមសីលធម៌ ធានាគុណភាព និងសុវត្ថិភាព។

បន្ថែមពីនេះ លោកសាស្ត្រាចារ្យឲ្យពង្រឹងការអនុវត្តច្បាប់ , លើកតម្កើងតម្លៃរបស់វិជ្ជាជីវៈ , គោរពសិទ្ធិអ្នកជំងឺ ឬអតិថិជន , ពង្រឹងកិច្ចសហប្រតិបត្តិការ , ប្រកាន់ខ្ជាប់នូវយុត្តិធម៌ , បង្កើនការអប់រំ , បណ្តុះបណ្តាលផ្សព្វផ្សាយ , ទប់ស្កាត់ជាអតិបរមានូវបាតុភាពវិជ្ជាជីវៈ និងគ្រប់គ្រងជាលក្ខណៈបុរេសកម្ម ដើម្បីឆ្លើយតបឲ្យបានរហ័ស ។ បន្ថែមលើនេះត្រូវរៀបចំសូចនាករសម្រាប់តាមដាន ត្រួតពិនិត្យ វាយតម្លៃ កំណត់គោលដៅជាក់លាក់ និងខិតខំសម្រេចឲ្យបានតាមកាលវេលា។

ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ ដល់ថ្នាក់ដឹកនាំគណៈវិជ្ជាជីវៈទាំងអស់ នូវចំណុចគន្លឹះមួយចំនួន ត្រូវពិនិត្យមើលឯកសារ គតិយុទ្ធនិងច្បាប់ទាំងឡាយ ដែលចេញជាធរមាន និងអនុវត្តឲ្យ មានអនុលោមភាព , ត្រូវធ្វើសកម្មភាពឲ្យចេញ ជាលទ្ធផលជាក់ស្តែង ដោយចាប់ផ្តើម ពីតម្រូវការ ដើម្បីឆ្ពោះទៅការកំណត់ នូវគោលការណ៍ រួមមួយក្នុង ការអនុវត្តការងារនោះ ។ ពិចារណា លើលក្ខខណ្ឌ និងតម្រូវការសម្រាប់ការ ចេញអាជ្ញាបណ្ណប្រកប វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ទាន់ពេល និងច្បាស់លាស់ ចំពោះអ្នកដែលប្រកបវិជ្ជាជីវៈសុខាភិបាល។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាអនុសាសន៍ គន្លឹះសំខាន់ៗទៀតថា ក្នុងតួនាទីជាអាជ្ញាធរនិយ័តកម្ម អ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល ជាក្តីសង្ឃឹមរបស់សុខាភិបាល និង សុខភាពសាធារណៈ ត្រូវតែមានការប្រជុំគ្នា ជាប្រចាំ ដើម្បីឆ្លុះបញ្ចាំង ជាលក្ខណៈសកល និងសម្លឹង មើលការអនុវត្តឲ្យបានល្អ ដោយត្រូវធ្វើប្រសើរឡើង តាមប្រព័ន្ធមួយដែលមានវិន័យ និងរដ្ឋបាលច្បាស់លាស់ ។

ជាការឆ្លើយតប គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ បានសម្តែងការពេញចិត្ត និងប្តេជ្ញាចិត្តអនុវត្តនូវមតិ ណែនាំរបស់សាស្ត្រាចារ្យ រដ្ឋមន្ត្រី ដែលជាប្រយោជន៍សម្រាប់កែលម្អ និងអភិវឌ្ឍន៍បន្ថែមទៀតនូវភារកិច្ចរបស់ខ្លួន៕








