ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានជំនឿមុតមាំថា ការវិនិយោគលើប្រជាជនវ័យក្មេង នាពេលនេះ តាមរយៈការផ្តល់ឱកាសទទួលបានការអប់រំ ការថែទាំសុខភាព និងការងារសមរម្យ កម្ពុជា នឹងទទួលបាននូវវ័យចាស់ដែលមានសុខភាពល្អ និងសកម្ម នាពេលអនាគត។
សារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦ សម្តេចធិបតី បានឱ្យដឹងថា ការមានកម្លាំងពលកម្មច្រើន គឺគ្រាន់តែជាឱកាសភាគលាភប្រជាសាស្ត្រប៉ុណ្ណោះ ប៉ុន្តែការវិនិយោគទៅលើ ការបណ្តុះបណ្តាល ភាគលាភប្រជាសាស្ត្រឱ្យមានប្រសិទ្ធភាព និងទាន់ពេល ទើបជាអត្ថប្រយោជន៍ពិតប្រាកដ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បន្តបង្កើនការវិនិយោគលើប្រជាជនវ័យក្មេងគ្រប់ជំនាន់ តាមរយៈការពង្រឹងគុណភាព អប់រំនៅគ្រប់កម្រិត ការលើកកម្ពស់សេវាសុខភាព ការអភិវឌ្ឍជំនាញបច្ចេកទេស និងការបង្កើតការងារសមរម្យ ដើម្បីកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
សម្តេចធិបតី បន្ដថា ដើម្បីសម្រេចបាន នូវចក្ខុវិស័យពោរពេញទៅដោយមហិច្ឆតានេះ យើងចាំបាច់ត្រូវមានគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ច្បាស់លាស់ដែលផ្តោតលើប្រជាជន ជាពិសេសប្រជាជនវ័យក្មេង ស្ត្រី និងក្មេងស្រី សម្រាប់កសាងសង្គមមួយ ដែលមានវិបុលភាព និងប្រកបដោយភាពធន់។
សម្តេចធិបតី បន្ថែមថា ក្រសួងផែនការ សហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវជាក់លាក់ ស្តីពីប្រជាជនដោយផ្អែកលើភស្តុតាង និងការគោរពសិទ្ធិបុគ្គលក្នុងការបង្កើតគ្រួសារនិងចំនួន តាមបំណងប្រាថ្នា។ ការវិនិយោគលើប្រជាជនវ័យក្មេងនាថ្ងៃនេះ ជាពិសេសការវិនិយោគលើការអប់រំ សុខភាព និងការងារ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការឈានទៅរកវ័យចាស់ ប្រកបដោយផលិតភាព។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំមានជំនឿមុតមាំថា ការវិនិយោគលើប្រជាជនវ័យក្មេងនាពេលនេះ តាមរយៈការផ្តល់ឱកាសទទួលបានការអប់រំ ការថែទាំសុខភាព និងការងារសមរម្យ កម្ពុជានឹងទទួលបាននូវ វ័យចាស់ដែលមានសុខភាពល្អនិងសកម្មនាពេលអនាគត ដែលជាធនធាននិងទ្រព្យធនជាតិដ៏សំខាន់ក្នុងការ ចូលរួមកសាងនិងអភិវឌ្ឍប្រទេស។ ខ្ញុំព្រះករុណា ខ្ញុំសូមឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបាន ចូលរួមគាំទ្រនិងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកន្លងមក ក្នុងការកសាងនិងថែរក្សាសន្តិភាព និងសមិទ្ធផល នៃការអភិវឌ្ឍ»៕
