ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង យុត្តិធម៌បានលើកឡើងថា ការរៀបចំក្របខ័ណ្ឌច្បាប់ ដើម្បីដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណាដែលគុបគិត ជាមួយបរទេសបំផ្លាញ ផលប្រយោជន៍ខ្មែរ នឹងក្លាយជាឧបករណ៍ គតិយុត្តដ៏សំខាន់របស់រដ្ឋ ក្នុងការប្រឆាំង នឹងអ្នកមានគំនិតចង់ក្បត់ជាតិ។

ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ ធម្មនុញ្ញស្តីពីវិសោធនកម្ម មាត្រា៣៣នៃរដ្ឋធម្មនុញ្ញកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក កើត រិទ្ធ បានមានប្រសាសន៍ថា វិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការបើកផ្លូវអនុញ្ញាត ឲ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្ត អំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយគុបគិតជាមួយបរទេស នឹងបម្រើដល់ឧត្តម ប្រយោជន៍ដ៏សំខាន់សម្រាប់ជាតិ។
រដ្ឋមន្រ្តីបន្តថា ការរៀបចំច្បាប់នេះ ក៏ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិ របស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពោលគឺការលើកកម្ពស់ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជារបស់ខ្លួន នៅគ្រប់កាលៈទេសៈទាំងអស់។
លោកគូសបញ្ជាក់ថា “តាមរយៈវិសោធនកម្មមាត្រា ៣៣នេះ នឹងបើកផ្លូវឲ្យមានការរៀបចំ ឲ្យមានក្របខ័ណ្ឌច្បាប់ ដើម្បីដកសញ្ជាតិខ្មែរ ដែលក្របខ័ណ្ឌច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់របស់រដ្ឋ ដើម្បីការពាររដ្ឋ ពិសេសប្រឆាំងនឹងពលរដ្ឋខ្មែរណា ដែលឃុបឃិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរ ដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ” ។
បើតាមរដ្ឋមន្រ្តី ច្បាប់នេះ ក៏ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែក ពីខាងក្រៅចូលមក ក្នុងកិច្ចការផ្ទៃ ក្នុងរបស់កម្ពុជា ពិសេសការប្រឆាំងនឹងអំពើគុបគិត ជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិឯង ឬធ្វើសកម្មភាពបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ៕
