ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានជ្រើសរើសក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ចុះបញ្ជីនៅបារាំង VINCI (CAC 40: DG) ដើម្បីដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ (TIA) នាពេលខាងមុខ របស់រាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ដោយលោកអ្នក ឧកញ៉ា បណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល CAIC និងដោយលោក Nicolas Notebaert ប្រធានក្រុមហ៊ុន Cambodia Airports។

អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងអភិវឌ្ឍដោយ CAIC ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍទីក្រុងដ៏ធំមួយរបស់កម្ពុជា និងរដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជា (SSCA)។ លោកអ្នក ឧកញ៉ា បណ្ឌិត ពុង ឃាវសែ មានប្រសាសន៍ថា «តាមរយៈការជ្រើសរើស VINCI ឱ្យធ្វើប្រតិបត្តិការសេវាកម្មអាកាសយានដ្ឋានសំខាន់ៗ យើងប្តេជ្ញាបន្តធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា តាមរយៈគម្រោងដែលស្របតាមស្តង់ដារអន្តរជាតិ។ ចក្ខុវិស័យរបស់យើងគឺបន្តពង្រីក TIA ក្នុងទសវត្សរ៍ខាងមុខ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការតភ្ជាប់ក្នុងតំបន់។»

ដោយមានវត្តមានជាង ៣ ទសវត្សរ៍ក្នុងប្រទេសកម្ពុជា VINCI Airports ដែលបានចាប់ផ្តើមប្រតិបត្តិការ ព្រលានយន្តហោះក្នុងឆ្នាំ ១៩៩៥ និងបច្ចុប្បន្នកំពុងដំណើរការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានជ្រើសរើស ឱ្យបន្តតួនាទីរបស់ខ្លួននៅ អាកាសយានដ្ឋានអន្តរជាតិតេជោ គាំទ្រដោយផលប័ត្រព្រលានយន្តហោះជាង ៧០ នៅក្នុង ១៣ ប្រទេសផ្សេងៗ។
លោក Cyril Girot នាយកប្រតិបត្តិ Cambodia Airports បានមានប្រសាសន៍ថា «យើងកំពុងបន្តការប្តេជ្ញាចិត្តរបស់យើងបន្តទៀត ជាមួយនឹងឧត្តមភាពនៃអាកាសយានដ្ឋាន និងដើម្បីអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជាបន្ថែមទៀត។ ខ្ញុំទន្ទឹងរង់ចាំភាពជាដៃគូរបស់យើង នជាមួយ CAIC នៅពេលដែលយើងទាំងពីរចែករំលែកចក្ខុវិស័យរួម ក្នុងការបម្រើប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួនដោយបង្កើតតម្លៃ និងឱកាស ដូច្នេះហើយ យើងអាចពង្រីកជំហររបស់ប្រទេស។»
ក្រុមហ៊ុនធំៗពីរផ្សេងទៀត របស់បារាំងគឺ «Lagardere Travel Retail» និង«Newrest» ត្រូវបានជ្រើសរើសឱ្យធ្វើប្រតិបត្តិការជាមួយហាងទំនិញឥតគិតពន្ធនិង ភោជនីយដ្ឋាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ៕








