ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ បញ្ជាក់ថា អ៊ីស្រាអែលត្រៀមខ្លួនពិភាក្សាអំពីបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្ដា ប្រសិនបើក្រុមហាម៉ាស់ ដាក់អាវុធ

xinhua

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ប៉ុន្តែលុះត្រាតែដែនដីនេះត្រូវបានគ្មានយោធាពេញលេញ។

លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសារជាវីដេអូមួយពីទីក្រុងវ៉ាស៊ីនតោន ជាទីដែលលោកកំពុងធ្វើទស្សនកិច្ចនាពេលនេះថា “នៅដើមដំបូងនៃបទឈប់បាញ់ យើងនឹងចូលទៅក្នុងការចរចាសម្រាប់ការបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍ ពោលគឺបទឈប់បាញ់ជាអចិន្ត្រៃយ៍” ។ លោកបានលើកឡើងថា “ដើម្បីសម្រេចបានវា ត្រូវតែធ្វើក្រោមលក្ខខណ្ឌមូលដ្ឋានដែលយើងបានកំណត់៖ ក្រុមហាម៉ាស់ត្រូវតែបញ្ឈប់អាវុធរបស់ខ្លួន តំបន់ហ្គាហ្សាត្រូវតែគ្មានយោធា ហើយក្រុមហាម៉ាស់ មិនអាចមានសមត្ថភាពគ្រប់គ្រង ឬយោធាទៀតនោះទេ”។

គណៈប្រតិភូអ៊ីស្រាអែល និងក្រុមហាម៉ាស់បានមកដល់ទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃអាទិត្យ ដើម្បីចរចាបទឈប់បាញ់មួយ បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់ក្នុងខែតុលា ឆ្នាំ ២០២៣។ ការវាយលុកយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញតំបន់ជុំវិញ ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៥៧,០០០ នាក់ នេះបើយោងតាមមន្ត្រីសុខាភិបាលហ្គាហ្សា។

យោងតាមលោក ណេតាន់យ៉ាហ៊ូ សំណើកិច្ចព្រមព្រៀងដែលបង្ហាញដោយបេសកជនមជ្ឈិមបូព៌ារបស់អាមេរិកលោក Steve Witkoff រួមមានបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ដែលនឹងធានាបាននូវការដោះលែងចំណាប់ខ្មាំងដែលនៅរស់ចំនួន ១០ នាក់ ក៏ដូចជាអ្នកស្លាប់ជាច្រើននាក់ផងដែរ។ ចំណាប់ខ្មាំងប្រហែល ៥០ នាក់នៅតែត្រូវបានឃុំឃាំងនៅហ្គាហ្សា ដោយក្នុងនោះប្រហែល ២០ នាក់ត្រូវបានអ៊ីស្រាអែលជឿថានៅមានជីវិត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top