ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវពង្រឹងឱ្យបានដាច់ខាត ការគ្រប់គ្រង និងអភិវឌ្ឍតំបន់ បូជនីយដ្ឋាន ចងចាំនៃកម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ អាជ្ញាធរដែនដី និងស្ថាប័ននានា ត្រូវពង្រឹងឱ្យបាន ដាច់ខាតនូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍតំបន់ បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សា និងសន្តិភាព»។

តាមរយៈសារលិខិត អបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដោយស្មោះ និងមូលវិចារណ៍ដ៏ថ្លៃថ្លាជូនចំពោះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាជិក សមាជិកានៃគណៈកម្មាធិការ អន្តរក្រសួង អាជ្ញាធរមូលដ្ឋាន រួមជាមួយមន្ត្រីជំនាញ ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំព្យាយាមលះបង់កម្លាំងកាយ ប្រាជ្ញា និងស្មារតី ប្រកបដោយភាព ប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ ពុះពារជម្នះគ្រប់ការលំបាករហូតសម្រេចបាននូវការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោកនាពេលនេះ។

សម្តេចបវរធិបតី គូសបញ្ជាក់ថា «ខ្ញុំព្រះករុណា ខ្ញុំក៏សូមធ្វើការអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ អាជ្ញាធរដែនដី និងស្ថាប័ននានា ត្រូវពង្រឹងឱ្យបានដាច់ខាតនូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍតំបន់បូជនីយដ្ឋាននេះ ស្របតាមគោលការណ៍របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយត្រូវទប់ស្កាត់រាល់សកម្មភាពទាំងឡាយ ដលអាចប៉ះពាល់ដល់តម្លៃនៃបូជនីយដ្ឋាននេះ»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណជាពិសេសផងដែរ ចំពោះបណ្តាប្រទេសជាមិត្ត និងអង្គការយូណេស្កូ ព្រមទាំង ឥស្សរជនទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហស្ចារ្យជាសកលនៃ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ហើយបានគាំទ្រសំណើ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះតំបន់ទាំងបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាគុណប្រយោជន៍ដ៏ ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូល ជាពិសេស ការចងចាំនិងការការពារសន្តិភាព។

សូមរំលឹកថា គណៈកម្មាធិការបេតិភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា។

ការចុះបញ្ជីបូជនីយដ្ឋានចង ចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំ នៃកម្ពុជា និងគាំទ្រដល់ដំណើរការ រៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)៕

To Top