ព័ត៌មានជាតិ

សាស្ត្រាចារ្យ និង និស្សិតសាកលវិទ្យាល័យប៊ែល ធី ជាង ៥០០អង្គ/នាក់ ទស្សនកិច្ចសិក្សា វិមានឈ្នះ ឈ្នះ ដើម្បីចូលរួម ក្នុងយុទ្ធនាការ ទស្សនាកម្ពុជានា រដូវកាលបៃតង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញសំណេះ សំណាលជាមួយសាស្ត្រាចារ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្រ ឆ្នាំទី១នៃសាកលវិទ្យាល័យប៊ែល ធីប្រមាណជាង ៥០០អង្គ/នាក់ ដឹកនាំដោយ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែល ធី អន្តរជាតិ ដែលកំពុងធ្វើទស្សនកិច្ចសិក្សា និងស្វែងយក់អំពីវិមានឈ្នះ ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ដែលតំណាងឱ្យការបង្រួបបង្រួមជាតិ ឯករាជ្យ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាព របស់ជាតិខ្មែរទាំងមូល។

ថ្លែងក្នុងឱកាសក្រោមម្លប់ នៃសុខសន្តិភាពនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា វិមានឈ្នះ ឈ្នះ មិនគ្រាន់តែជាតំបន់ ទេសចរណ៍ប្រវត្តិសាស្រ្ត ដ៏ទាក់ទាញប៉ុណ្ណោះទេ តែនឹងក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍគំនិតផ្សេងៗទៀតផង។

សូមជម្រាបជូនថា ក្រោយពេលវិមានឈ្នះ ឈ្នះ សាងសង់រួច បានក្លាយទៅជាគោលដៅ ទេសចរណ៍ថ្មីមួយទៀត របស់រាជធានីភ្នំពេញ ក្នុងរយៈពេល ៧ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆមាសទី១ ឆ្នាំ២០២៥ មានសាធារណៈជនជាតិ និងអន្តរជាតិ ចូលទស្សនាវិមានឈ្នះ ឈ្នះ ប្រមាណ ៥លាន ៦សែននាក់ ក្នុងនោះមានគណៈប្រតិភូជាតិ និងអន្តរជាតិប្រមាណជាង៩សែននាក់ មកពីជាង៧០ស្ថាប័នរដ្ឋជាង១០០ស្ថាប័នឯកជន និងជាង៣៥០គ្រឹះស្ថានអប់រំ នៅកម្ពុជា ដែលបានមកសិក្សាលម្អិតអំពីសច្ចៈភាពប្រវត្តិសាស្ត្រកម្ពុជា នៅវិមានឈ្នះ ឈ្នះ។ ជាទូទៅក្នុងមួយសប្ដាហ៍មានសាធារណៈជនចូលទស្សនាវិមានឈ្នះ ឈ្នះ ជាង១,៥០០នាក់ មកពីគ្រប់រាជធានីខេត្ត៕

To Top