ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ៖ ពលករខ្មែរប្រមាណ ៥ម៉ឺននាក់បានត្រឡប់មកកម្ពុជាវិញ ខណៈពលករជាង ១ម៉ឺន៣ពាន់នាក់ទទួលបានឱកាសការងារ

ភ្នំពេញ៖ ពលករខ្មែរប្រមាណ ៥ម៉ឺននាក់បានត្រឡប់មកកម្ពុជា ខណៈដែលពលករជាង ១ម៉ឺន៣ពាន់នាក់ទទួលបានឱកាសការងារធ្វើតាមបណ្តាលរោងចក្រសហគ្រាសទូទាំងរាជធានីខេត្តក្នុងប្រទេសកម្ពុជា។ នេះ បើយោងតាមកិច្ចសម្ភាសន៍ពិសេសរវាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មានចំនួនជាង៥ម៉ឺននាក់។ ក្នុងនោះ មានអ្នកចុះឈ្មោះស្វែងរកការងារធ្វើមានប្រមាណ២ម៉ឺននាក់។ ហើយបងប្អូនដែលបានការងារធ្វើសរុបមាន ១៣ ៥២៧នាក់ គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។

«នេះ​ជាមោទនភាព ដែលបងប្អូនត្រឡប់មកភ្លាមមានការងារធ្វើ»។ នេះ ជាប្រសាសន៍របស់ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តថា កម្ពុជាមានការងារចម្រុះសម្រាប់បងប្អូនពលករជាង២៥ម៉ឺននាក់។ ក្នុងនោះ​ មានផ្នែកឧស្សាហកម្មប្រមាណ២២ម៉ឺនជាងកន្លែង ផ្នែកកសិកម្មប្រមាណ២ម៉ឺនជាងកន្លែង និងផ្នែកសេវាកម្មមានប្រមាណ៥ពាន់ជាងកន្លែង។ យើងមានកន្លែងការងារនៅតាមបណ្តាលខេត្តនានា​​ ដែលនៅជិតទីតាំងរបស់បងប្អូន និងងាយស្រួលឱ្យបងប្អូនធ្វើការ។

«យើងមិនខ្វះការងារនោះទេ។ ឥឡូវនេះ នៅកម្ពុជាយើង មែនទែនទៅ គឺខ្វះមនុស្សទៅវិញ»។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ដូចនេះ និងបានបញ្ជាក់ថា «នៅកម្ពុជាយើងនៅខ្វះកម្លាំង មែនទែនទៅយើងមានការងារច្រើនជាងមនុស្ស។ យើងមាន២៥ម៉ឺនកន្លែង ដែលកំពុងទន្ទឹងរង់ចាំបងប្អូន»។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តាំផ្ញើថា ប្រសិនបើបងប្អូនមិនទាន់ទទួលបានព័ត៌មានអំពីការស្វែងរកការងារ បងប្អូនអាចទាក់ទងមកកាន់លេខទូរស័ព្ទ ១២៩៧ បានដោយគិតថ្លៃ។ យើងមានក្រុមការងារទទួលស្វាគមន៍ និងផ្តល់ព័ត៌មានអំពីកន្លែងការងារដែលនៅជិតបងប្អូន។ ក្រៅពីនេះ បងប្អូនអាចចុះឈ្មោះជាមួយនឹងឃុំស្រុករបស់បងប្អូន ដើម្បីផ្តល់ព័ត៌មានដល់ទីភ្នាក់ងារមុខរបរ និងការងារ មានលទ្ធភាពចុះទៅដល់ទីតាំង និងនាំក្រុមហ៊ុនទៅជាមួយតែម្តង៕

To Top