ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវពលករខ្មែរនៅក្នុងប្រទេសថៃមកធ្វើការនៅប្រទេសកម្ពុជាវិញ ព្រោះថាពលករនឹងទទួលបានផលប្រយោជន៍ ពីការធ្វើការនៅប្រទេសកម្ពុជាច្រើនជាងការធ្វើការនៅប្រទេសថៃ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្មករធ្វើការនៅរោងចក្រក្នុងប្រទេសកម្ពុជា ទទួលប្រាក់ឈ្នួលអប្បបរមាបូកជាមួយនឹងអត្ថប្រយោជន៍ និងការថែមម៉ោងផ្សេងៗ គឺអាចទទួលបាន ៣០០ដុល្លារក្នុងមួយខែ។ ក្រៅពីប្រាក់ឈ្នួលប្រចាំខែ កម្មករក៏ទទួលបានប័ណ្ណ ប.ស.ស. ដែលជួយទំនុកបម្រុងបងប្អូនកម្មករលើការថែទាំសុខភាពទាំងពេលកំពុងធ្វើការ និងពេលចូលនិវត្តន៍។ ជាមួយគ្នានេះ តាមរយៈ ប.ស.ស. បងប្អូនកម្មករ នឹងទទួលបានប្រាក់សោធននិវត្តន៍ផងដែរ។

«ក្រៅពីអ្វីជាផលប្រយោជន៍ ជាថវិកា ជាបៀវត្សនេះ គឺបងប្អូនយើងធ្វើការនៅកម្ពុជាយើង គឺបងប្អូនបានប័ណ្ណ ប.ស.ស. »។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ដូចនេះ និងបានបញ្ជាក់ថា ប័ណ្ណ ប.ស.ស. នេះ មានតម្លៃទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ពេលបងប្អូនធ្វើការ ចៃដន្យមានគ្រោះថ្នាក់ បងប្អូនមិនចាំបាច់ចេញថវិកាពីហោប៉ៅរបស់បងប្អូននោះទេ គឺក្រុមហ៊ុន និង ប.ស.ស. ជាអ្នកចេញថ្លៃព្យាបាលរបស់បងប្អូនដោយមិនគិតថ្លៃ ហើយពេលកំពុងព្យាបាល ក៏ទទួលបាននូវប្រាក់បៀវត្សដែរ។ ពេលបងប្អូនឈឺ ប.ស.ស. នឹងចេញថ្លៃព្យាបាលរបស់បងប្អូន ហើយពេលកំពុងព្យាបាល ក៏ទទួលបានប្រាក់បៀវត្សដូចគ្នា។

លោករដ្ឋមន្ត្រី បានបន្តថា ពលករខ្មែរអាចធ្វើការនៅប្រទេសគេបាន នៅពេលមានអាយុក្មេង។ តែពេលដល់វ័យចំណាស់ និងត្រូវត្រឡប់មកប្រទេសកំណើវិញ ការចំណាយលើការថែទាំសុខភាព និងរស់នៅប្រចាំថ្ងៃជាបន្ទុកផ្ទាល់របស់ពលករ។ តែបើធ្វើការនៅប្រទេសកម្ពុជា ពលករខ្មែរ អាចមានទាំងថ្លៃឈ្នួលការងារ មានទាំងការមើលថែទាំសុខភាពដោយឥតគិតថ្លៃ និងមានទាំងប្រាក់សោធននិវត្តន៍នៅវ័យចំណាស់។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវទៅកាន់បងប្អូនពលករខ្មែរ ដែលកំពុងនៅប្រទេសថៃថា សូមបងប្អូនត្រឡប់មកធ្វើការនៅប្រទេសកំណើតវិញ។ នៅកម្ពុជា មិនខ្វះការងារជូនបងប្អូនធ្វើនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនទទួលស្វាគមន៍បងប្អូន ហើយព្រមទាំងមានការងារសមរម្យសម្រាប់ជូនបងប្អូនផងដែរ៕
