ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមចូលរួមសម្តែងក្បាច់គុណ ក៏ដូចជាយុទ្ធវិធីក្នុងការទប់ទល់ប្រឆាំងជាមួយនឹងជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ក្នុងឱកាសអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាពេលខាងមុខ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងហ្វឹកហាត់ ជាប់ជាប្រចាំ ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលគេដឹងថា បានទទួលការបំពាក់ខ្សែក្រវាត់ខ្មៅតេក្វាន់ដូ ០៦ដាន់ ពីលោកគ្រូព្រឹទ្ធាចារ្យ ជុង ប៊ុនហ៊ីន នៃអគ្គស្នងការតេក្វាន់ដូពិភពលោក គុគគីវ៉ុន កម្រិត ៨ដាន់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ និង ខ្សែក្រវ៉ាត់ខ្មៅការ៉ាតេ ៥ដាន់ ពីប្រធានសហព័ន្ធការ៉ាតេកម្ពុជា គឺលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ២៩ ខែ សីហា ២០២៤ បានចុះណែនាំក្បាច់គុនដោយផ្ទាល់ ដល់កងកម្លាំង ដែលកំពុងធ្វើការហ្វឹកហាត់ យ៉ាងសស្រាក់សស្រាំ ដើម្បីត្រៀមចូលរួមសម្ដែងក្បាច់គុណ និងយុទ្ធវិធីក្នុងកម្មវិធីខាងលើ ឲ្យទទួលបានជោគជ័យ តាមផែនការដែលបានកំណត់ផងដែរ៕
