បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកប្រធានាធិបតី Vladimir Putin បាននិយាយនៅក្នុង បទសម្ភាសន៍មួយចេញ ផ្សាយកាលពីថ្ងៃអាទិត្យថា សេចក្តីប្រាថ្នា របស់ប្រទេសលោកខាងលិច និងការច្រានចោលកង្វល់ សន្តិសុខរបស់រុស្ស៊ី បាននាំឱ្យមានការប្រឈម មុខដាក់គ្នារវាងទីក្រុងម៉ូស្គូ និងលោកខាងលិច។
លោកប្រធានាធិបតី រុស្សីរូបនេះ បានអះអាងថា ភាពខុសគ្នាខាងមនោគមវិជ្ជា គ្រាន់តែជាលេសដើម្បីជំរុញ ផលប្រយោជន៍ភូមិសាស្ត្រ នយោបាយរបស់ លោកខាងលិចប៉ុណ្ណោះ។
លោកPutinបានបន្ថែមថា លោករំពឹងថា ការដួលរលំ នៃសហភាពសូវៀត នឹងកាត់បន្ថយភាពតានតឹង រវាងរុស្ស៊ីនិងលោកខាងលិច។
គាត់បាននិយាយថា៖ខ្ញុំក៏បានគិតផងដែរថាការខ្វែងគំនិតគ្នាសំខាន់ៗរវាងយើងគឺជាមនោគមវិជ្ជានៅក្នុងធម្មជាតិប៉ុន្តែនៅពេលសហភាពសូវៀតបានបាត់បង់ទៅហើយនោះ វិធីសាស្ត្រច្រានចោលចំពោះផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់រុស្ស៊ីបានបន្តកើតមាន។
លោកប្រធានាធិបតីរុស្សីបានបន្តថា ការប៉ុនប៉ងរបស់លោក ក្នុងការលើកឡើងពីការព្រួយបារម្ភរបស់រុស្ស៊ីជាមួយមេដឹកនាំលោកខាងលិចគឺឥតប្រយោជន៍នោះទេ ។ លោកខាងលិចសម្រេចថា ពួកគេមិនចាំបាច់ធ្វើតាមច្បាប់ នៅពេលនិយាយអំពីប្រទេសរុស្ស៊ី ដែលមិនមានអំណាច ដូចសហភាពសូវៀត នាពេលអតីតកាល។
លោក Putin បានចោទប្រទេសលោកខាងលិចថាក្បត់រុស្ស៊ី ហើយមិនបានបំពេញ តាមការសន្យារបស់ខ្លួន ។ កាលពីខែមុន លោកបាននិយាយថា ទីក្រុងមូស្គូត្រូវបាន កុហកដោយឥតលាក់លៀម អំពីការពង្រីកអង្គការណាតូអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ខណៈប្លុកយោធាដឹកនាំដោយអាមេរិក បានបន្តព្យាយាមចូលទៅជិតព្រំដែនរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
