ព័ត៌មានជាតិ

សម្តេចតេជោ ៖ លោក គង់ មុនីកា និងលោក សេង ម៉ារឌី កុំភ័យ ចំពោះវិសោធនកម្ម ដកសញ្ជាតិ

ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោក គង់ មុនីកា និងលោក សេង ម៉ារឌីសមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទះខ្មែរថា កុំចាំបាច់ដេកភ័យ បារម្ភធ្វើអ្វី ចំពោះសេចក្តី ស្នើវិសោធនកម្ម នៃរដ្ឋធម្មនុញ្ញមាត្រា៣៣ ដកសញ្ជាតិពលរដ្ឋខ្មែរគប់គិត ជាមួយបរទេសបំផ្លាញ ផលប្រយោជន៍ជាតិខ្មែរ បើសិនលោកទាំងពីរមិន បានប្រព្រឹត្តអំពើក្បត់ជាតិ ។

ការគូសង្កត់ធ្ងន់ទៅលើសមាជិក ព្រឹទ្ធសភាមកពីគណបក្ស ក្រៅរដ្ឋាភិបាលនេះ ដោយសារទាំងគង់ មុនីកាដែលជាកូនប្រុស របស់គង់ គាំ និងលោក សេង ម៉ារឌីនេះ បានបង្ហាញក្តីបារម្ភ ចំពោះវិសោធនកម្មដកសញ្ជាតិ។

ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ចុច ចំឈ្មោះ លោក គង់ មុនីកា និងលោក សេង ម៉ារឌីថាមិនចាំបាច់ចំណាយ ពេលវេលាព្រួយបារម្ភ ចំពោះវិសោធនកម្មដកសញ្ជាតិនោះទេ ព្រោះនៅពេល ដែលច្បាប់នេះ បានចេញជារូបរាងហើយ គឺសម្រាប់អនុវត្តទៅលើ បុគ្គលណា ដែលបានប្រព្រឹត្ត អំពើក្បត់ជាតិដោយគប់គិតជាមួយបរទេសប៉ុណ្ណោះ ហើយសិនជាលោកទាំងពីរ មិនបានធ្វើអ្វីខុសច្បាប់ទេ កុំភ័យ ។

សម្តេចតេជោបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ឯកឧត្តម គង់ មុនីកា និងឯកឧត្តម សេង ម៉ារឌី មិនខ្នាញ់ចិត្តជាមួយខ្ញុំទេ ក៏ប៉ុន្តែខ្ញុំត្រូវតែនិយាយ ព្រោះឯកឧត្តមចេញសេចក្តីថ្លែងការណ៍ និងចេញតាមហ្វេសប៊ុកទៀត ។ អីចឹងខ្ញុំក៏ត្រូវនិយាយជាមួយឯកឧត្តមដែរ ឯកឧត្តមកុំទៅក្បត់ជាតិទៅបានហើយ បើសិនជាក្បត់ជាតិក៏ចាំបាច់ទៅដកសញ្ជាតិដែរ ។ ឯកឧត្តម ២ភាគ៣ ដកអភ័យឯកសិទ្ធិ វាយខ្នោះចេញពីកន្លែងព្រឹទ្ធសភា ឯកឧត្តមសាក់ជាមួយខ្ញុំមើល ។ ដកអភ័យឯកសិទ្ធិគឹបភ្លាម វាយខ្នោះភ្លាម” ។

សម្តេចតេជោក៏បានរំលឹកទៅដល់លោក ហុង សុខហួរអតីតមន្រ្តីគណបក្សសង្គ្រោះជាតិដែលជាសមាជិកព្រឹទ្ធសភាថា បានចាប់វាយខ្នោះភ្លាមៗតែម្តង ដោយមិនចាំបាច់ដកអភ័យឯកសិទ្ធិទេ ព្រោះលោកជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ ទោះបីជាពេលនោះលោករត់គេច ចូលស្ថានទូតបារាំងប្រចាំកម្ពុជាក៏ដោយ ក៏ពេលនោះទូតបារាំងមិនហ៊ាន ទទួលលោកនោះទេ ។

សម្តេចតេជោបន្តថា ការលើកឡើងរបស់សម្តេចនេះក៏មិនមែនជាសារគំរាមកំហែងនោះទេ ប៉ុន្តែនេះគឺជាបទល្មើសជាក់ស្តែង ។ ជាមួយគ្នានេះ ចំពោះសាររបស់សម្តេចនេះ ក៏សម្តេចផ្ញើទៅមេឧទ្ទាមក្រៅច្បាប់ និងចៅរបស់គេផងដែរ ។
ចំពោះមិត្តភិក្តជាបរទេសដែលបានតិះទៀនកម្ពុជាចំពោះវិសោធកម្មច្បាប់ ដកសញ្ជាតិនេះថា សម្តេចតេជោដាស់តឿនថា សូមមើលប្រទេសខ្លួនឯងផង ព្រោះសុទ្ធតែមានច្បាប់ដកសញ្ជាតិដែរ មិនមែនមានតែកម្ពុជានោះទេ ៕

To Top