ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ណែនាំប្រុងប្រយ័ត្ន ចំពោះការផ្តល់ គណនីធនាគារ ឱ្យអ្នកដទៃប្រើប្រាស់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហោះសារណែនាំប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះការផ្តល់គណនីធនាគារ ឱ្យអ្នកដទៃប្រើប្រាស់។

ថ្មីៗនេះ មន្ត្រីជំនាញនាយកដ្ឋាន ការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានចាញ់ល្បិចឆបោក របស់ឧក្រិដ្ឋជន តាមរយៈការទិញ ផលិតផលតាមអនឡាញ និងបានផ្ទេរប្រាក់ ទៅគណនីធនាគារ ប៉ុន្តែមិនបានទទួលផលិតផល ឬសម្ភារដែលបាន បញ្ជាទិញនោះទេ ។

ពាក់ព័ន្ធករណីនេះ មន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ និងបានកោះហៅម្ចាស់គណនីធនាគារ ឬកុងធនាគារទាំងនោះ ហើយបានរកឃើញថា ម្ចាស់គណនីដើមបានជួលគណនី របស់ខ្លួនទៅឱ្យជនល្មើស ឬជនឆបោកប្រាក់តាមបណ្តាញសង្គម ដើម្បីទទួលប្រាក់កម្រៃជើងសារ។

ក្រោយពីក្រុមជនល្មើសបានប្រើវិធីសាស្រ្ត លួងលោមសុំទិញ និងជួលគណនីធនាគារពីម្ចាស់ដើម ពួកគេបានធ្វើការផ្លាស់ប្តូរ លេខទូរស័ព្ទ និងលេខសម្ងាត់ ដើម្បីយកទៅគ្រប់គ្រង និងធ្វើការឆបោកប្រាក់ តាមបណ្តាញ សង្គមនានាជាច្រើនករណី។

ដូចនេះ ការផ្តល់គណនីធនាគារ (ឬហៅថា កុងធនាគារ) ទៅឱ្យអ្នកដទៃប្រើប្រាស់ ដើម្បីទទួលបានកម្រៃជើងសារ អាចធ្វើឱ្យអ្នកប្រឈមមុខនឹងការចូលរួមប្រព្រឹត្តបទល្មើស បច្ចេកវិទ្យាជាមួយក្រុមឧក្រិដ្ឋជន។ ការទទួលប្រាក់ជំនួស ការជួល ឬការលក់គណនីធនាគារ របស់ខ្លួនឱ្យទៅបុគ្គលដទៃ ប្រើប្រាស់ក្នុងគោល បំណងណាមួយ ឬដើម្បីបានប្រាក់កម្រៃ គឺជាការផ្តល់នូវមធ្យោបាយ ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា ។ ចំពោះអ្នកផ្តល់មធ្យោបាយ ក្នុងការប្រព្រឹត្តនូវបទល្មើស គឺត្រូវចាត់ទុកថាជា “សហចារី” ដែលនឹងមានទោសទណ្ឌដូចជា “ចារី”ដែរ។

ក្នុងន័យនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដូចជា ៖ ១. កុំលក់ ឬជួលគណនីធនាគារ របស់ខ្លួន ឱ្យទៅបុគ្គលដទៃប្រើប្រាស់ ២. កុំទទួលប្រាក់តាមគណនីធនាគារ ដែលពុំមានប្រភព ច្បាស់លាស់ជំនួសមិត្តភក្តិ ឬអ្នកដទៃ ៣. កុំទំនាក់ទំនងជាមួយជនអនាមិក ឬមិត្តភក្តិ ដែលព្យាយាមលួងលោម ឬសន្យាផ្តល់ប្រយោជន៍ ក្រោមរូបភាពខ្ចី ប្រើប្រាស់កុងធនាគារ៕

To Top