ព័ត៌មានជាតិ

លោក ឃួង ស្រេង ណែនាំមន្រ្តីថ្នាក់មូលដ្ឋាន ត្រូវបម្រើប្រជាពលរដ្ឋ ដោយស្មោះសរ ហើយត្រូវចាត់ទុកខ្លួនឯង ជាអ្នកបម្រើពលរដ្ឋ

ភ្នំពេញ៖​ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ បានថ្លែងថា មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះសរ ហើយត្រូវចាត់ទុកខ្លួនឯង ជាអ្នកបម្រើប្រជាពលរដ្ឋ ។

ការថ្លែងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងពិធីសំណោះសំណាល ជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅគណបក្សខណ្ឌមានជ័យ។

នាឱកាសនោះ លោក ឃួង ស្រេង​ បានឱ្យលោកប្រធាន ភូមិនានា​ សង្កាត់ចាក់អង្រែលើ ឡើងរាយការណ៍ ពីសមិទ្ធផលការងារនានា ដែលសំរេចបានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយ ឱ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។

ក្នុងនោះដែរលោក ឃួង ស្រេង បានណែនាំដល់គណៈកម្មាធិការគណបក្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ ត្រូវតែដណ្ដើមឱ្យបានជោគជ័យ ក្នុងការបោះឆ្នាត ឆ្នាំ២០២៧និង២០២៨ ,ឆ្នាំ២០៣២និង២០៣៣ ក៏គណបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោតរហូតដោយសារតែ គណបក្រប្រជានមានមហិច្ឆិតា កាន់អំណាចជារៀងរហូត។

លោក ឃួង ស្រេង បានថ្លែងថា មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះសរ ហើយត្រូវចាត់ទុកខ្លួនឯង ជាអ្នកបម្រើប្រជាពលរដ្ឋ។ ក្នុងនាមអាជ្ញាធរ ដែលជាអ្នកបំរើប្រជាពលរដ្ឋ នៅពេលពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខ ចុះជួយពួកគាត់ បើហួសពីសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍ទៅ ថ្នាក់លើភ្លាម ដើម្បីដោះស្រាយ ជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងសូមឱ្យមន្ត្រីយើង យកគំរូតាមថ្នាក់ដឹកនាំកំពូល លើកិច្ចការងារ បំរើប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានណែនាំដល់លោកមេភូមិ លោកចៅសង្កាត់ ដែលជាមន្ត្រីបក្សសង្កាត់ផងនោះ ហើយក៏ជាមន្ត្រីមូលដ្ឋានត្រូវសហការ ជាមួយអាជ្ញាធរខណ្ឌ អធិការនគរបាល កងរាជអាវុធខណ្ឌមានជ័យ ដែលសុទ្ធជាមន្ត្រីបក្ស ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការពារសន្តិសុខ សណ្ដាប់ របៀបរៀបរយ សាធារណៈក្នុង មូលដ្ឋានឱ្យបានល្អ ជូនប្រជាពលរដ្ឋបញ្ហាសន្តិសុខនេះសំខាន់ណាស់ អ្នកណាក៏ត្រូវការសន្តិសុខ ដែរអ្នកតូច អ្នកធំ អ្នកមាន លោក ឧកញ៉ា ។ល។ចំពោះការការពារជាតិមាតុភូមិ ប្រជាជន ការពារសន្តិភាព និងការពាបូរណភាពទឹកដី ឬព្រំដែន មានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស ជាអ្នកដឹកនាំការពារហើយ។

ឆ្លៀងក្នុងឱកាសនេះ លោក ឃួង ស្រេង ក៏បានអរគុណ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កំលាំងកាយ កំលាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះក្នុងការ បោះឆ្នោតរហូតមក ហើយចំពោះអ្វីដែលជាការស្នើសុំ របស់លោកប្រធាន ភូមិទាំងអស់ ពាក់ព័ន្ធឱ្យជួយការកសាង ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ភ្លើងបំភ្លឺសាធារណៈ លូ ជាដើមនៅក្នុង មូលដ្ឋាន ត្រូវបានលោក ឃួង ស្រេង បានឯកភាព និងទទួលយកទាំងអស់ ទៅដោះស្រាយជាបន្តបន្ទាប់ជូន ព្រោះនៅភ្នំពេញមាន១០៥សង្កាត់ មិនអាចដោះម្ដង អស់នោះទេ ប៉ុន្តែទោះជាយ៉ាងណា ក្នុងឆ្នាំ២០២៧ ដោះស្រាយឱ្យអស់ដែរ។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមមន្ត្រី របស់គណបក្សប្រជាជន ត្រូវខិតខំបន្តបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹមចលនាប្រជាពលរដ្ឋ បើពួកគាត់ខ្វះខាត ត្រូវជួយឧបត្ថម្ភភ្លាម ដោយក្នុងនោះក៏ត្រូវមើលផងដែរ នូវមន្រ្តីរបស់ខ្លួនដែលខ្វះខាតក៏ត្រូវ ជួយឧបត្ថម្ភផងដែរ ដូចសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ហើយ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយនោះទេ។ មិនត្រឹមតែមើលប្រជាពលរដ្ឋទេ ប្រជាការពារ មន្ត្រីក្នុងសង្កាត់ ពួកគាត់ក៏មិនធូធាដែរ ដូច្នេះត្រូវគិតគូរឧបត្ថម្ភ ពួកគាត់ផងដែរ ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានចិត្តទូលាយ ហើយអាចទទួលយក បានគ្រប់គណបក្សផ្សេងទៀតទាំងអស់ មករួមជីវភាពជាមួយដើម្បីធ្វើយ៉ាងណា ឲ្យយើងទទួលបានការឯកភាពជាតិ សាមគ្គីភាព។
លោកបានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ត្រូវពង្រឹង សាមគ្គីភាពឯកភាពផ្ទៃក្នុង គឺជាកត្តាជ័យជំនះ នៅក្នុងការងារ បើគ្មានសាមគ្គីភាពគ្នាទេ យើងបំពេញការងារមិន ទទួលបានជោគជ័យនោះទេ៕

To Top