ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជាអាចទុកចិត្ត លើការគាំទ្រពីបារាំង ខណៈកម្ពុជាកំពុងប្រឈមការបំពានទឹកដី ពីថៃ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការជឿជាក់ និងទុកចិត្តពីការគាំទ្រ របស់ប្រទេសបារាំងមកលើកម្ពុជា ក្នុងខណៈកម្ពុជាកំពុងជួបបញ្ហា ប្រឈមចំពោះការរំលោភបំពានទឹកដី ពីសំណាក់ភាគីថៃ កាលពីពេលថ្មីៗ ។

តាមរយៈសារលិខិតអបអរសាទរជូនលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសទិវាបុណ្យជាតិបារាំង ១៤ កក្កដា សម្តេចតេជោបានលើឡើងថា ការប្រារព្ធទិវា បុណ្យជាតិបារាំងថ្ងៃ ១៤ កក្កដា គឺជាព្រឹត្តិការណ៍ដែល ត្រូវបានយកចិត្តទុកដាក់ និងគោរពយ៉ាងខ្ពង់ខ្ពស់ ដោយប្រទេសទាំងអស់ នៅក្នុងពិភពលោក ដែលនិយមសេរីភាព ប្រជាធិបតេយ្យ និងការគោរពច្បាប់អន្តរជាតិ ។

ភ្ជាប់ជាមួយខ្លឹមសារខាងលើនេះ សម្តេចតេជោ បានគូសបញ្ជាក់ រំលេចជាមួយនឹងកម្ពុជាថា នៅខណៈដែលកម្ពុជា កំពុងប្រឈមមុខនឹង ការរំលោភបំពាន លើបូរណភាព ទឹកដីរបស់ខ្លួន ប្រទេសកម្ពុជាដឹងថា អាចទុកចិត្តលើការគាំទ្រ ពីប្រទេសបារាំង និងស្ថាប័នរបស់ខ្លួន ចំពោះបណ្ដឹងទៅស្ថាប័នតុលាការយុត្តិធម៌អន្តរជាតិ ខ្ពស់បំផុតក្នុងការការពារសិទ្ធិ និងបូរណភាពទឹកដីរបស់ខ្លួន ។

សូមរំលឹកថា ក្នុងជំនួបចូលគោរពលាសម្តេចតេជោ ក្នុងពេលបញ្ចប់អាណត្តិកាទូត កាលពីថ្ងៃ១០ កក្កដាលោក Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងជំនួសមុខឲ្យប្រមុខរដ្ឋាភិបាលរបស់ខ្លួន បានអះអាងថា បារាំង បានត្រៀម លក្ខណៈរួចរាល់ហើយ ក្នុងការផ្តល់ឯកសារពាក់ព័ន្ធនានា ទាក់ទងទៅជម្លោះ ព្រំដែនកម្ពុជា-ថៃ មកកម្ពុជាដើម្បីបញ្ចប់ជម្លោះជាមួយថៃ ។

ប្រទេសបារាំងត្រូវបានគេដឹងថា គឺជាអ្នក ដែលគូសផែនទី ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលមក ដាក់អាណានិគមលើ ប្រទេសនៅតំបន់ អាស៊ី-អាគ្នេយ៍កាលពីឆ្នាំ១៩០៧ ។ ដូច្នេះបារាំងដឹងសព្វបែបយ៉ាងអំពីព្រំដែនទឹកនិងគោករវាងកម្ពុជា-ថៃ៕

To Top