វ៉ាស៊ីនតោន៖ រដ្ឋជាង២០ របស់សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃចន្ទ នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Rhode Island ដោយទាមទារឱ្យរដ្ឋបាលលោក ត្រាំ បញ្ចេញថវិកាសហព័ន្ធប្រមាណ ៦.៨ពាន់លានដុល្លារអាមេរិក សម្រាប់ការផ្តល់មូលនិធិ សម្រាប់ការអប់រំ។
យោងតាមពាក្យបណ្ដឹង មូលនិធិសហព័ន្ធដើមឡើយ មានគោលបំណងគាំទ្រដល់ ការអប់រំរបស់កម្មករចំណាកស្រុក និងកូនរបស់ពួកគេ ការជ្រើសរើសគ្រូបង្រៀន និងការបណ្តុះបណ្តាល ជំនាញភាសាអង់គ្លេស ការពង្រឹងការសិក្សា កម្មវិធីក្រោយចូលរៀន និងរដូវក្តៅ ក៏ដូចជាអក្ខរកម្ម សម្រាប់មនុស្សពេញវ័យ និងការបណ្តុះបណ្តាលត្រៀមការងារ។
ពាក្យបណ្ដឹងបានឲ្យដឹងថា រដ្ឋាភិបាលតម្រូវ ឱ្យចែកចាយថវិកាដល់រដ្ឋត្រឹមថ្ងៃទី ១ ខែកក្កដា។ ផ្ទុយទៅវិញ នាយកដ្ឋានអប់រំ បានជូនដំណឹងដល់រដ្ឋ នៅថ្ងៃទី ៣០ ខែមិថុនាថា ខ្លួននឹងមិនចេញរង្វាន់ ជំនួយក្រោមកម្មវិធី ទាំងនោះតាមកាល បរិច្ឆេទកំណត់នោះទេ ដោយលើកឡើងពីការផ្លាស់ប្តូររដ្ឋបាលជាហេតុផល។
ដើមបណ្តឹងបានឲ្យដឹងថា រដ្ឋបាលលោក ត្រាំ បានបង្កកមូលនិធិ ដោយមិនផ្តល់យុត្តិកម្មគ្រប់គ្រាន់ ដែលបណ្តាល ឱ្យមានការរំខានយ៉ាងខ្លាំង ដល់ប្រតិបត្តិការ សាលារៀន និងបង្ខំឱ្យកម្មវិធីរដូវក្តៅ និងក្រោយសាលាជាច្រើន ត្រូវបានលុបចោល ឬស្ថិតក្នុងហានិភ័យ ។ ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន បានឲ្យដឹងថា ជំនួយផ្នែកអប់រំ គឺស្ថិតនៅក្រោម “ការត្រួតពិនិត្យកម្មវិធី ដែលកំពុងដំណើរការ” ៕
ប្រែសម្រួល ឈូក បូរ៉ា
