ព័ត៌មានអន្តរជាតិ

អឺរ៉ុប ត្រូវតែត្រៀមខ្លួន សម្រាប់លទ្ធផលអាក្រក់ នៃការចរចាពន្ធគយរបស់អាមេរិក

xinhua

បរទេស៖ នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala បានឲ្យដឹងថា អឺរ៉ុបត្រូវតែត្រៀមខ្លួន សម្រាប់លទ្ធផលមិនល្អ នៅក្នុងការចរចាពន្ធជាមួយ សហរដ្ឋអាមេរិក ខណៈពេលដែលបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានកិច្ចព្រមព្រៀង ដ៏ល្អមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកនឹងដាក់ពន្ធ ៣០ ភាគរយលើការនាំចូល ទំនិញពីសហភាពអឺរ៉ុប  ចាប់ពីថ្ងៃទី ១ ខែសីហា ។ លោក Fiala ត្រូវបានដកស្រង់សម្តី ដោយទីភ្នាក់ងារសារព័ត៌មាន Czech News Agency ថា “វានឹងមិនល្អ សម្រាប់សហភាពអឺរ៉ុប ឬសាធារណរដ្ឋឆេក នោះទេ។

លោកបានបន្ថែមថា ផលប៉ះពាល់ នៃពន្ធលើសេដ្ឋកិច្ចឆេក អាចមានមួយភាគដប់ នៃផលិតផលក្នុងស្រុកសរុប អាស្រ័យលើទម្រង់ជាក់លាក់របស់ពួកគេ ។ យោងតាមលោក Fiala ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានប្រាប់គាត់អំពីវឌ្ឍនភាព នៃការចរចា និងជំហានបន្ទាប់នៅចុងសប្តាហ៍នេះ។

លោកបានលើកឡើងថា “មានការយល់ស្របច្បាស់លាស់ មួយនៅក្នុងទ្វីបអឺរ៉ុប ដែលយើងត្រូវរៀបចំសម្រាប់លទ្ធផលមិនល្អ ប៉ុន្តែក្នុងករណីណាក៏ដោយ យើងត្រូវព្យាយាមដើម្បីទទួលបានកិច្ចព្រមព្រៀងដ៏ល្អ ហើយឱកាសនៅតែមាន” ។ កាលពីថ្ងៃសៅរ៍លោក Fiala បាននិយាយ រួចហើយថា ការដាក់បញ្ចូលពន្ធ ៣០ ភាគរយនឹងប៉ះពាល់អវិជ្ជមាន ដល់ទំនាក់ទំនងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆេក លោក Lukas Vlcek ក៏បានបញ្ជាក់ កាលពីថ្ងៃសៅរ៍ថា លោក “មើលមិនឃើញ ហេតុផលណាមួយ” សម្រាប់ការដំឡើងពន្ធ ៣០ ភាគរយដោយសហរដ្ឋអាមេរិកនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top