ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារីបានលើកឡើងថា កម្ពុជាមានឆន្ទៈមោះមុតក្នុងការចូលរួម ចំណែកធានាការពារសុខសន្តិភាព តំបន់ ពិភពលោក តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយយកពលរដ្ឋជាស្នូល ។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមអ្នកនយោបាយ (អាយប៉ា/AIPA) លើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា សម្តេច ឃួន សុដារី មានប្រសាសន៍ថា កម្ពុជាមានឆន្ទៈមោះមុតក្នុងការរួមចំណែកកាន់តែច្រើនដល់ការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជំរុញកិច្ចសន្ទនា និង កិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែកបទពិសោធន៍ និង ការបញ្ចប់សង្រ្គាមនិងការផ្សះផ្សាជាតិ របស់កម្ពុជា តាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបច្ចុប្បន្នជាព្រឹទ្ធសភា ជាអគ្គមគ្គទេសក៍ និងជាប្រតិបត្តិករ សន្តិភាពដ៏ឆ្នើមរបស់កម្ពុជា ។

ប្រធានរដ្ឋសភា មានជំនឿមុតមាំថា ការគិតរួមគ្នា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ដំណោះស្រាយ និងការកសាងប្រព័ន្ធ អន្តរជាតិដែលកាន់តែមានលក្ខណៈបរិយាបន្ន ត្រឹមត្រូវ និងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប។ ក្នុងន័យនេះ ប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសលោកខាងត្បូង ដើរតួនាទីកាន់តែសំខាន់ឡើងក្នុងការរៀបចំនូវទម្រង់ បង្កើតនូវបទដ្ឋាន និងពង្រឹងនូវអភិបាលកិច្ចសកល ។
សម្តេច ឃួន សុដារី បន្ថែមថា តំបន់អាស៊ាន និងពិភពលោក បាននិងកំពុងប្រឈមមុខនឹងបញ្ហា និងរងសម្ពាធយ៉ាងច្រើនរាប់មិនអស់ រួមទាំងការកើនឡើង នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការចុះខ្សោយ នៃប្រព័ន្ធពហុភាគីនិយម ព្រមទាំងសញ្ញា នៃការបែកខ្ញែកសេដ្ឋកិច្ច វិវាទនានាទាក់ទងនឹង អធិបតេយ្យ និងជម្លោះប្រដាប់អាវុធ រួមផ្សំនឹងការគំរាមកំហែងសន្តិសុខមិនប្រពៃណី ដូចជា ការប្រែប្រួលអាកាសធាតុ ការរេចរឹលបរិស្ថាន ឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគ្រ ស្មាញ វិសមភាពកាន់តែរីកធំឡើង សន្តិសុខសុខភាពសកល ភាពរអាក់រអួលនៃបច្ចេកវិទ្យា និងវិបត្តិមនុស្សធម៌ ជាដើម។
សម្តេចប្រធានរដ្ឋសភាកម្ពុជាលើកឡើងថា “យើងត្រូវរួមគ្នារារាំងឯកតោភាគីនិយម អាកប្បកិរិយា អនុត្តរភាពនិយម និងការការពារនិយម ដែលធ្វើឱ្យខូចដល់អភិបាលកិច្ចសកល និងច្បាប់អន្តរជាតិ ។ យើងត្រូវមានភាពក្លាហាន និងចូលរួមដើម្បីការពារគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ បើយើងមិនក្រោកឈរទេ អ្នកណានឹងក្រោកឈរឡើង?”។
សូមជម្រាបថា ការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេស “គោលនយោបាយឈ្នះ-ឈ្នះ” ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ជាមូលដ្ឋានគ្រឹះសម្រាប់ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយ។ គោលនយោបាយនេះ ដែលបានបញ្ចប់ជម្លោះផ្ទៃក្នុង ជាច្រើនទសវត្សរ៍ដោយមិនប្រើគ្រាប់កាំភ្លើង សូម្បីតែមួយគ្រាប់ បានអនុញ្ញាតឲ្យកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព និងចូលរួមក្នុងភាពជាដៃគូក្នុងតំបន់ និងអន្តរតំបន់ ប្រកបដោយទំនុកចិត្ត៕
