ព័ត៌មានជាតិ

ពលរដ្ឋជាង ៦ពាន់នាក់ នៅស្រុកកំពង់ត្របែក បានព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា

ព្រៃវែង ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង ៦ពាន់នាក់ នៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ស្ថិតនៅឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ព្រមទាំងសប្បុរសជន ទាំងអស់ បានលះបង់ធនធាន ពេលវេលា និងកម្លាំងកាយចិត្ត រៀបចំឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ។

លោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះក្រុមការងារ ចុះជួយមូលដ្ឋានស្រុកកំពង់ត្របែក ក៏ដូចជាអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងរៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋក្នុងស្រុកកំពង់ត្របែកនេះ។

លោក បានគូសបញ្ជាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បញ្ជាក់ឱ្យឃើញពីការ ចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់ សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល និងតាមរយៈការវិនិយោគ ពីវិស័យឯកជន វិស័យសុខាភិបាល ក្នុងខេត្តព្រៃវែង នឹងកាន់តែមានវឌ្ឍនភាព បន្ថែមទៀតនៅពេលខាងមុខ ដើម្បីឆ្លើយតបបានតាមតម្រូវ ការរបស់បងប្អូនប្រជាពលរដ្ឋ ទាំងទៅលើផ្នែកសេវាកម្ម និងគុណភាព ៕

To Top