ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ អភិក្រមរបស់ក្រសួង មុខងារសាធារណៈ គឺការពិគ្រោះយោបល់ ឱ្យបានច្រើន

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ គ.វ.រ. បានលើកឡើងថា អភិក្រមរបស់ក្រសួង មុខងារសាធារណៈ តែងតែបាននិងកំពុងអនុវត្តជាប្រចាំនោះ គឺការបំពេញមុខងារពិគ្រោះយោបល់ឱ្យបានច្រើន ហើយស្តាប់មតិយោបល់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការរដ្ឋាន គ.វ.រ. លើកទី៦ ដើម្បីពិនិត្យ និងពិភាក្សាលើបទដ្ឋានគតិយុត្តចំនួន៣ និងបទបង្ហាញពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ជូនដល់តំណាងក្រសួង ស្ថាប័នទាំងអស់ រួមទាំងតំណាងរដ្ឋបាលរាជធានី ខេត្ត ក្នុងការឈ្វេងយល់ពីការធ្វើជំរឿនមន្ត្រី នៅថ្ងៃទី១៤ កក្កដា នេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា តាមរយៈការពិភាក្សាការងារជាមួយគ្នាកន្លងមក ទោះបីជាពេលខ្លះមានមតិយោបល់ ស្របគ្នាផង និងមិនស្របគ្នាផងក៏ដោយ យើងក៏អាចរកឃើញចំណុចរួម។ លោក ថា «យើងធ្លាប់តែគិតថាលំបាក តែយើងបានទៅមុខជាមួយគ្នា ស្វែងរកចំណុចរួម ហើយសម្រេចបានការឯកភាពជាទស្សនៈ ប្រកបដោយឆន្ទៈ ដើម្បីឆ្ពោះទៅមុខជាមួយគ្នា ធ្វើឱ្យមានប្រព័ន្ធឯកភាពរដ្ឋបាលតែមួយ។ ទាំងនេះ ជាការអនុវត្តការងាររបស់យើង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ក្នុងការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ»។

សូមបញ្ជាក់ថា កិច្ចប្រជុំលេខាធិការរដ្ឋាន គ.វ.រ. លើកទី៦ បានពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖ (១)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ (២)សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ (៣)សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ និង (៤)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គភាពនីតិប្រតិបត្តិ៕

To Top