ព័ត៌មានជាតិ

ក្រសួងការងារ និងអង្គការសហប្រជាជាតិ ឯកភាពបន្ត លើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំប្រទេសកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គម សម្រាប់អន្តរកាលយុត្តិធម៌» នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះ បានធ្វើឡើង ក្នុងគោលបំណងពិភាក្សាលើការបង្កើតក្រុមការងារបច្ចេកទេសនៃ «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គម សម្រាប់អន្តរកាលយុត្តិធម៌» ដែលជាគំនិតផ្តួចផ្តើមមួយ ដើម្បីជួយរដ្ឋជាសមាជិកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច របស់ខ្លួន តាមរយៈការជួយពង្រឹង ការអនុវត្តសកម្មភាពទៅ តាមទិសដៅអាទិភាពរបស់ប្រទេសនីមួយៗ ដែលក្នុងនោះរួមមានការផ្តោតសំខាន់ ក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង ការដាក់បុគ្គលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ (Formalization) ការងារសមរម្យសម្រាប់យុវជន (Decent Works for Youth) សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ហេង សួរ បានបង្ហាញក្តីរីករាយ ដែលភាគីទាំងពីរបានឯកភាពបង្កើត ក្រុមការងារបច្ចេកទេស ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ លើការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបង្ហាញពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនសហការជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចបានការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច របស់ទីភ្នាក់ងារអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការបន្តគាំទ្រ យន្តការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គម ដើម្បីកម្ពុជាសម្រេច បានចក្ខុវិស័យឆ្នាំ២០៥០៕

To Top