នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ប្រធានរដ្ឋចិនលោក Xi Jinping បានជួបពិភាក្សាការងារ ជាមួយ លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។
លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងរុស្ស៊ីគួរតែអនុវត្តគំនិតឯកភាពដ៏សំខាន់រវាងខ្ញុំ និងលោកPutin ប្រធានាធិបតីរុស្ស៊ី ធ្វើឱ្យស៊ីជម្រៅនូវការកសាង ទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-រុស្ស៊ី រួមសាមគ្គីជាមួយបណ្តា ប្រទេសសកលខាងត្បូង ដើម្បីជំរុញឱ្យសណ្តាប់ធ្នាប់អន្តរជាតិវិវឌ្ឍទៅរកទិសដៅ ប្រកបដោយសច្ចយុត្តិធម៌ និងសមហេតុផល។ អង្គការសហប្រតិបត្តិការសៀងហៃ ជាអង្គការសហប្រតិបត្តិការចម្រុះក្នុងតំបន់ ដែលរួមគ្នាបង្កើតឡើងដោយប្រទេសចិននិងរុស្ស៊ី។ ភាគីទាំងពីរគួរតែគាំទ្រគ្នាទៅវិញទៅមក ក្តាប់ជាប់ទិសដៅ អភិវឌ្ឍន៍របស់អង្គការ សហប្រតិបត្តិការសៀងហៃ និងធ្វើឱ្យវេទិកាយុទ្ធសាស្ត្រនេះ មានឥទ្ធិពលជាក់ស្តែងនិងខ្លាំងក្លា ។
ជាការឆ្លើយតប លោក Lavrov បានថ្លែងថា រុស្ស៊ីយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងជាមួយចិន ហើយរំពឹងទុករក្សាការផ្លាស់ប្តូរជាន់ខ្ពស់ ជាមួយចិនក្នុងឆ្នាំដ៏សំខាន់នេះ ដែលជាខួបលើកទី ៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងគ្រប់វិស័យ ក៏ដូចជារក្សាការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួលក្នុងកិច្ចការអន្តរជាតិនិងតំបន់ ដើម្បីជំរុញសន្តិភាពនិងស្ថិរភាពពិភពលោកនិងតំបន់ ។ រុស្ស៊ីនឹងគាំទ្រយ៉ាងសកម្ម ចំពោះការងាររបស់ប្រទេសចិនដែលជាប្រធានផ្លាស់វេន អង្គការសហប្រតិបត្តិការសៀងហៃ ។
