ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប បរាជ័យក្នុងការអនុម័ត កញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៊ី

China Daily

ព្រុចសែល ៖ សហភាពអឺរ៉ុប  បានបរាជ័យក្នុងការអនុម័ត លើការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ីកាលពីថ្ងៃអង្គារ ដោយសារចំណាត់ការនេះ ត្រូវបានរារាំងដោយស្លូវ៉ាគី ជុំវិញការព្រួយបារម្ភទាក់ទង នឹងសន្តិសុខថាមពល នេះបើយោងតាមអ្នកតំណាង ជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Kaja Kallas ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល លោកស្រី Kallas បានឲ្យដឹងថា លោកស្រីពិតជាសោកសៅណាស់ ដែលទណ្ឌកម្មមិនទទួល បានការយល់ព្រម ដោយបន្ថែមថា “គ្រាប់បាល់ គឺស្ថិតនៅក្នុងតុលាការរបស់ប្រទេសស្លូវ៉ាគី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

គណៈកម្មការអឺរ៉ុបបានបង្ហាញកញ្ចប់ទណ្ឌកម្មលើកទី ១៨ របស់ខ្លួនកាលពីខែមុន ដោយផ្តោតលើវិស័យថាមពល ប្រតិបត្តិការធនាគារ និងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ។ ក្នុងចំណោមវិធានការ ដែលបានស្នើឡើង គឺការហាមប្រាមលើប្រតិបត្តិការ ហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងបំពង់បង្ហូរឧស្ម័ន Nord Stream របស់រុស្ស៊ី។

ស្លូវ៉ាគី ដែលពឹងផ្អែកខ្លាំងលើឧស្ម័នរបស់រុស្ស៊ី បានជំទាស់នឹងកញ្ចប់ទណ្ឌកម្ម ដែលបានស្នើឡើងនេះ ដោយលើកឡើងពីការភ័យខ្លាចនៃការរំខានដល់ការផ្គត់ផ្គង់ និងការកើនឡើងតម្លៃថាមពល ដែលភ្ជាប់ទៅនឹងសំណើរបស់សហភាពអឺរ៉ុប ដាច់ដោយឡែកមួយ ដើម្បីបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៊ីនៅដើមឆ្នាំ ២០២៨ ។

ពាក់ព័ន្ធនឹងប្រធានបទនៃការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន លោកស្រី Kallas បានឲ្យដឹងថា សហភាពអឺរ៉ុប ចង់ឃើញសហរដ្ឋអាមេរិក “ចែករំលែកបន្ទុក” នៃការផ្គត់ផ្គង់អាវុធសម្រាប់អ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទ បានអនុម័ត ផែនការសម្រាប់សម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីទិញឧបករណ៍​ យោធាអាមេរិក តម្លៃរាប់ពាន់លានដុល្លារ សម្រាប់ផ្ទេរទៅឲ្យអ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top