ព័ត៌មានជាតិ

ក្នុងត្រីមាសទី៣ ២០១៩ អ្នកស្លាប់ មកពីគ្រោះថ្នាក់ចរាចរណ៍ ៤៨៨នាក់ ក្នុងនោះកម្មករនិយោជិត​​ មាន ៣៨%

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍​ អនុគណៈកម្មាការទី២ នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់មួយ ស្តីពីការជម្រុញការកែលំអសុវត្ថិភាព រថយន្តដឹកកម្មករនិយោជិត បានលើកឡើងថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ អ្នកស្លាប់​ ដែលបណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍ មានចំនួន ៤៨៨នាក់ ក្នុងនោះកម្មករនិយោជិត មានរហូតដល់ទៅ ៣៨% នៃអ្នកដែលបានគ្រោះថ្នាក់ស្លាប់សរុប ។

ក្នុងនោះដែរ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក ជានាយកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស.) និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត បានថ្លែងបញ្ជាក់ថា៖ ការគិតគួរពីសុវត្ថិភាព ធ្វើដំណើររបស់បងប្អូន ដែលជាកម្មករនិយោជិត ជាកត្តាដ៏សំខាន់ ដែលគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ហើយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករលាក់មុខ ដែលធ្វើឱ្យមនុស្សស្លាប់ របួស និងពិការជារៀងរាល់ថ្ងៃ។ បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះ មិនអាចឱ្យក្រសួង ស្ថាប័ន ឬផ្នែកណាមួយធ្វើការទប់ស្កាត់ កាត់បន្ថយ ឬលុបបំបាត់តែឯងបានឡើយ ប៉ុន្តែយើងអាចសហការគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យស្ថិតនៅ កម្រិតទាបបំផុត ។

លោក បានថ្លែងបន្តទៀតថា ដើម្បីដោះស្រាយ​ចំពោះស្ថានភាពនេះ កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើត ក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក.) នៃបេឡាជាតិ របបសន្តិសុខសង្គម ដែលមានសមាសភាព ជាក្រុមការងារអន្តរក្រសួង ក្នុងនោះមានដូចជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សហជីពតំណាង កម្មករនិយោជិត អង្គការ ជនពិការអន្តរជាតិ និងអង្គការមូលនិធិបង្ការរបួសអាស៊ី ដែលមានតួនាទីសំខាន់ ក្នុងការចូលរួម លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់កម្មករនិយោជិត ។

លោកប្រតិភូរាជរដ្ឋាភិបាលរំពឹងថា៖ ឆ្លងកាត់សិក្ខាសាលារយៈពេល ពេញមួយព្រឹកនេះ នឹងទទួលបានលទ្ធផលល្អ ប្រសើរប្រកបដោយផ្លែផ្កា ក្នុងការចូលរួមអនុវត្ត ផែនការសកម្មភាព “សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត” ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បេឡាជាតិរបបសន្តិសុខសង្គម និងអគ្គស្នងការដ្ឋាន នគរបាលជាតិ ត្រូវបង្កើននូវកិច្ចសហការ ក្នុងការចូលរួមផ្សព្វផ្សាយ អប់រំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់រូបភាព ក្នុងន័យចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែល ធ្លាក់មកលើកម្មករនិយោជិត ឱ្យស្ថិតនៅកម្រិតទាបបំផុត។

មួយវិញទៀត ក្នុងការលើកកម្ពស់សុវត្ថិភាព ផាសុខភាព និងសណ្តាប់ធ្នាប់ដល់បងប្អូន កម្មករនិយោជិត ដែលបានធ្វើដំណើរតាមរថយន្ត ដែលអាចឆ្លើយតប ទៅនឹងបញ្ហា ដែលកំពុងប្រឈម គប្បីកែលំអររថយន្តដឹកកម្មករនិយោជិត ឱ្យមានភាពល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាព ស្របទៅតាមច្បាប់បានកំណត់ ។

សូមបញ្ជាក់ថា៖ សិក្ខាសាលាពិគ្រោះយោបល់ខាងលើ ប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ ជានាយកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស.) ដោយមានវត្តមាន លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មាការទី២ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន មន្ទីរសាធារណការដឹកជញ្ជូន ស្នងការដ្ឋាននគរបាល សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) តំណាងសហព័ន្ធសហជីពកម្ពុជា តំណាងតំបន់សេដ្ឋកិច្ចពិសេស តំណាងរោងចក្រ និងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនានាសរុបប្រមាណជាង ៣៥០នាក់ នៅ Dara Airport Hotel & Spa រាជធានីភ្នំពេញ ៕



To Top