ព័ត៌មានជាតិ

សម្តេចធិបតី៖ ការចូលរួមក្នុងមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយ របស់ខ្មែរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការចូលរួម ពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ជាមួយមូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយ របស់បងប្អូនខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ។

ការលេីកឡេីងរបស់សម្តេចធិបតី ខាងលេីនេះធ្វេីឡេីងបន្ទាប់ពីជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន ក្នុងជំនួបសម្តែងការគួរសម និងទទួលថវិកាមូលនិធិ ចំនួន ៥០០, ២១៦ ដុល្លារអាមេរិក សម្រាប់ជូនដល់វីរកងទ័ព នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ។

សម្តេចធិបតី​ បានគូសបញ្ជាក់ថា​ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី បានដឹកនាំ និងជំរុញការរៀនចំធ្វេីមូលនិធិ ដោយមានការចូលរួម ពីសមាគមសិល្បករខ្មែរ, ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបានបង្កើតមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកា ពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត បានថវិការហូតចំនួន ៥០០, ២១៦ ដុល្លារអាមេរិក។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយ របស់បងប្អូនខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វរៈកងទ័ពរបស់យើង ដែលកំពុងឈរជើងយ៉ាងអង់អាច ការពារដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជា៕

To Top