ព័ត៌មានជាតិ

ករណីទាហានថៃជាន់គ្រាប់មីន ! ស៊ីម៉ាក់កម្ពុជា ចោទសួរថា ការផ្ទុះគ្រាប់មីននោះ ក្នុងបូរណភាពទឹកដីរបស់អ្នកណា?

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចោទសួរភាគីថៃថា ការផ្ទុះគ្រាប់មីននោះ ក្នុងបូរណភាពទឹកដីរបស់អ្នកណា? បើសិនក្នុងទឹកដីសៀមមែននោះ គ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់។

យោងតាមកាសែតថៃ Khaosod បានឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថា ទាហានថៃ ៣នាក់ បានរងរបួសអំឡុងប្រតិបត្តិការ ល្បាតក្បែរតំបន់ព្រំដែន ដោយសារតែជាន់គ្រាប់មីន។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ហេង រតនា បានគូសបញ្ជាក់ថា «បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជើងម្នាក់ និងរបួស ២នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះ ភាគីសៀមខ្លះ បានបញ្ជាក់ថា គ្រាប់មីនចាស់សំណល់សង្គ្រាម មានក្រុមខ្លះថា ជាគ្រាប់មីនទើបដាក់ថ្មី ដោយសារដីនោះបានបោសម្អាតមីនរួចហើយ»។

លោក អគ្គនាយក បន្ដថា «មានអ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំ ឱ្យធ្វើការបកស្រាយ ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បើសិនជាក្នុងទឹកដីសៀមមែននោះ ដូចនេះករណីគ្រាប់មីនចាស់ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់»៕

To Top