ប្រេស៊ីល ៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានឲ្យដឹងថា ប្រេស៊ីល នឹងមិនអត់ធ្មត់ ចំពោះការជ្រៀតជ្រែកពីបរទេស ក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនឡើយ ចំពេលមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិកជុំវិញ ពន្ធគយថ្មី និងបទប្បញ្ញត្តិឌីជីថល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ថ្លែងទៅកាន់សិស្សរាប់ពាន់នាក់ នៅឯសមាជជាតិនៅ Goiania ភាគអាគ្នេយ៍ នៃប្រទេសប្រេស៊ីលលោក Lula បានច្រានចោលការលើកឡើង ដែលថាពន្ធគយមានទំនាក់ទំនង ទៅនឹងការកាត់ទោសអតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ។ លោក Lula បានលើកឡើងថា “យើងនឹងមិនទទួលយកការជ្រៀតជ្រែក ពីបរទេសណាមួយឡើយ ។
លោកបានសន្យាថា នឹងមានការឆ្លើយ តបបែបស៊ីវិល និងប្រជាធិបតេយ្យ ខណៈពេលដែលការប្រកាសថា វេទិកាឌីជីថល ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក នឹងត្រូវតម្រូវឱ្យអនុវត្តតាមច្បាប់របស់ប្រទេសប្រេស៊ីល និងបង់ពន្ធ។ លោកបានចោទក្រុមហ៊ុនទាំងនោះថា បានបំផ្ទុះព័ត៌មានមិនពិត និងធ្វើឲ្យប៉ះពាល់ដល់សង្គមប្រេស៊ីល ។
លោកបានបន្ដថា “ប្រទេសនេះមានអធិបតេយ្យភាព គ្មានជនបរទេសណាម្នាក់ផ្តល់បញ្ជាដល់ប្រធានាធិបតីប្រេស៊ីលបាននោះទេ។ ចៅហ្វាយរបស់ខ្ញុំ តែមួយគត់ គឺប្រជាជនប្រេស៊ីល” ៕
ប្រែសម្រួល ឈូក បូរ៉ា
