ព័ត៌មានអន្តរជាតិ

ប្រធានធនាគារ កណ្តាលអាល្លឺម៉ង់ ព្រមានថា ពន្ធអាមេរិក នឹងគំរាមកំហែង ដល់ទស្សនវិស័យ សេដ្ឋកិច្ចអាល្លឺម៉ង់

RT News

FRANKFURT ៖ លោក Joachim Nagel ប្រធាន ធនាគារ Bundesbank របស់អាល្លឺម៉ង់បានឲ្យដឹងថា ពន្ធខ្ពស់របស់ សហរដ្ឋអាមេរិកលើការនាំចូល របស់សហភាពអឺរ៉ុប  ទំនងជាបង្ហាញពីហានិភ័យធ្លាក់ចុះយ៉ាងខ្លាំង ចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍សប្ដាហ៍ថា ការសម្រេចចិត្តដាក់ពន្ធ ៣០ ភាគរយលើការនាំចូលពីសហភាពអឺរ៉ុប និងម៉ិកស៊ិក ចាប់ពីថ្ងៃទី ១ ខែសីហា ។ មុនពេលការប្រកាសរបស់លោក ត្រាំ ធនាគារកណ្តាលអាល្លឺម៉ង់ បានព្យាករណ៍ពីភាពជាប់គាំងសេដ្ឋកិច្ចនៅឆ្នាំ ២០២៥ បន្ទាប់មកដោយកំណើនតិចតួចត្រឹម ០.៧ ភាគរយនៅឆ្នាំ ២០២៦ ។

ទោះជាយ៉ាងណាក៏ដោយលោក Nagel បានព្រមានថា ទស្សនវិស័យអាចកាន់តែអាក្រក់ទៅៗដោយសារតែពន្ធគយកាន់តែខ្ពស់របស់សហរដ្ឋអាមេរិក។ លោកត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “វិបត្តិសេដ្ឋកិច្ចនៅប្រទេសអាល្លឺម៉ង់នៅឆ្នាំ ២០២៥ មិនអាចបដិសេធបាននោះទេ” ដោយបន្ថែមថា ពន្ធគយខ្ពស់អាចលុបបំបាត់ការកើនឡើង ដែលរំពឹងទុកនៅឆ្នាំ ២០២៦ ។

នៅក្នុងរបាយការណ៍ប្រចាំខែ របស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃពុធ Bundesbank បានពិពណ៌នាអំពីសេដ្ឋកិច្ចអាល្លឺម៉ង់ថា កំពុងបន្តបង្ហាញសញ្ញា នៃភាពទន់ខ្សោយ។ ខណៈពេលដែលថវិកាឆ្នាំ ២០២៥ របស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ បានជួយសម្រួលផ្នែកមួយចំនួន ធនាគារបានកត់សម្គាល់ថា ផលប៉ះពាល់ជាវិជ្ជមានលើកំណើន ទំនងជាត្រូវបានពន្យារពេលដោយសារតែភាពមិនច្បាស់លាស់ពីខាងក្រៅកើនឡើង ជាពិសេសការគំរាមកំហែង កាន់តែខ្លាំងឡើងនៃរបាំងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top