កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្ដេជ្ញារួមគ្នាបង្ក្រាប បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋានទេ និងបានដាក់ចេញវិធានការទប់ស្កាត់ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្ត បទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំទុរេន លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា កិច្ចការងារបោសសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែកស៊ីសងខុសច្បាប់ គឺជាកិច្ចការអាទិភាពចម្បងបំផុត សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលត្រូវបង្កើនការ យកចិត្តទុកដាក់សហការ និងមានយន្តការ បង្ការ ទប់ស្កាត និងបង្ក្រាប ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមបទ បញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល ស្ដីពីការអនុវត្ត ប្រតិបត្តិការប្រយុទ្ធប្រឆាំងបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានណែនាំដល់កាស៊ីណូខ្ញុំ និង កាស៊ីណូឋានសួគ៌បូកគោ ត្រូវត្រួតពិនិត្យធ្វើ បច្ចុប្បន្នភាពកន្លែង របស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវគោរពតាមគោល ការច្បាប់ របស់គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ក្នុងករណីស៊ើបទៅមានប្រព្រឹត្តិបទល្មើស ខេត្តនឹងអនុវត្តច្បាប់ដោយគ្មាន ការលើកលែងនោះទេ។

ក្នុងកិច្ចប្រជុំនោះដែល លោក អភិបាលខេត្ត ក៏បានកោតសរសើរ ដល់ថ្នាក់ដឹកនាំជុំវិញខេត្ត កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរក្រុង-ស្រុក នាពេលកន្លងមកបានអនុវត្ត ភារកិច្ចតួនាទីបានល្អប្រសើរ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសបង្ការ ទប់ស្កាត និងបង្ក្រាប បាននូវរាល់បទល្មើសផ្សេងៗ ក្នុងខេត្តគួរជាទីមោទនៈ៕
