ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ពលរដ្ឋកុំប្រព្រឹត្តបទល្មើសនេសាទ !

ពោធិ៍សាត់៖ នៅក្នុងពិធីព្រលែងកូនត្រីចម្រុះក្នុងបឹងកំពែង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំនាំគ្នាប្រព្រឹត្តបទល្មើសនេសាទដែលនាំអោយមានទោសទណ្ឌដល់ខ្លួន ពោលត្រូវនាំគ្នាប្រើប្រាស់តែឧបករណ៍នេសាទណាដែលច្បាប់អនុញ្ញាតិតែប៉ុណ្ណោះ ដើម្បីរួមគ្នាបង្កើនធនធានមច្ឆាជាតិអោយសម្បូណ៌ឡើងវិញសម្រាប់ជាអាហារប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។

លោកអភិបាលខេត្តក៍បានបន្តលើកឡើងថា ការប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា ជារៀងរាល់ឆ្នាំនេះគឺក្នុងគោលបំណងរំលឹកដល់ពលរដ្ឋគ្រប់រូបអោយមានស្មារតីនិងមនសិការស្រលាញ់និងអភិរក្សធនធានមច្ឆាជាតិអោយបានគង់វង្សនិងសំបូរឡើងវិញដូចពាក្យថា”ទីណាមានទឹក ទីនោះមានត្រី”លោកថាន័យនេះសំដៅបង្កើនផលស្តុកមច្ឆាជាតិ បំពេញសេចក្តីត្រូវការអាហារជាមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋរបស់យើង។

លោកអភិបាលខេត្តក៍បានជម្រាបជូនពលរដ្ឋផងដែរអំពីការអនុវត្តន៍បទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ។យុទ្ធនាការនេះគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តបាននឹងកំពុងអនុវត្តន៍យ៉ាងមុឹងម៉ាត់បំផុតនិងបានឃាត់ខ្លួនជនប្រព្រឹត្តិបទល្មើសបានជាបន្តបន្ទាប់។

លោកខូយ រីដា អភិបាលខេត្តក៍បានលើកឡើងទៀតថា ប៉ុន្មានថ្ងៃនេះគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តសហការជាមួយស្ថាប័នពាក់ព័ន្ធបានធ្វើការឃាត់ខ្លួនជនសង្ស័យជាង ១០០ នាក់ជាជនបរទេស មានជនជាតិចិននិងវៀតណាមជាប់ពាក់ព័ន្ធក្នុងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online)នៅទីតាំងកាសុីណូមួយកន្លែង ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងចាត់ការទៅតាមផ្លូវច្បាប់៕

To Top