ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក ច្រានចោលការសាងសង់ជញ្ជាំងព្រំដែនថ្មីរបស់អាមេរិក

xinhua

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការសាងសង់ផ្នែកថ្មីនៃជញ្ជាំងព្រំដែនសហរដ្ឋអាមេរិកនៅក្នុងរដ្ឋ New Mexico ដោយហៅវាថាជាចលនាឯកតោភាគីដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បានសង្កត់ធ្ងន់ថាម៉ិកស៊ិក មិនចូលរួមក្នុងគម្រោងក្នុងមធ្យោបាយណាមួយឡើយ ហើយមិនរួមចំណែកផ្តល់មូលនិធិនោះទេ។

លោកស្រីបានលើកឡើងថា “ពួកគេកំពុងសាងសង់វាដោយខ្លួនឯង។ យើងមិនគាំទ្រជញ្ជាំងព្រំដែនទេ។ យើងបានសម្រេចព្រំដែនប្រកបដោយសុវត្ថិភាព តាមរយៈកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល មិនមែនជញ្ជាំងនោះទេ”។

លោកស្រី Sheinbaum បានពណ៌នាអំពីការសាងសង់នេះថា ជាការសម្រេចចិត្តតែមួយគត់ដែលធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ហើយបានសង្កត់ធ្ងន់ទៅលើចំណូលចិត្តរបស់ម៉ិកស៊ិក សម្រាប់កិច្ចសហប្រតិបត្តិការផ្អែកលើការអភិវឌ្ឍន៍ និងការគោរព ចំពោះជនជាតិម៉ិកស៊ិក ដែលរស់នៅក្នុងសហរដ្ឋអាមេរិក។

នៅសប្តាហ៍នេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាប់ផ្តើមដំណាក់កាលថ្មីនៃការសាងសង់នៅលើរបាំងព្រំដែនបន្ទាប់បន្សំរវាង Santa Teresa, New Mexico និង Ciudad Juarez នៅភាគខាងជើងម៉ិកស៊ិក។  គម្រោង​នេះ​រួម​មាន​បង្គោល​ដែក​កម្ពស់ ៩ ម៉ែត្រ​ប្រវែង ៩,៦ គីឡូម៉ែត្រ ដែល​ដាក់​នៅ​ខាងក្រោយ​របង​ចាស់ ៥,៥ ម៉ែត្រ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top