បរទេស៖ ប៉ូលិសបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីលេចធ្លាយព័ត៌មានលម្អិតអំពីករណីនេះថា ទាហានអ៊ុយក្រែនម្នាក់បានបាញ់សម្លាប់គ្រូបង្ហាត់ពីរនាក់ក្នុងពេលធ្វើលំហាត់ហ្វឹកហ្វឺនក្នុងតំបន់ Chernigov ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរបាននិយាយថា ជនសង្ស័យបានបើកការបាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិទៅលើក្រុមទាហាន។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ទាហានជាជនសង្ស័យ ប្រឈមមុខនឹងការកាត់ទោសមួយជីវិតសម្រាប់ឃាតកម្មគិតទុកជាមុន។
ការបាញ់ប្រហារនេះបានកើតឡើងនៅទីលានហ្វឹកហាត់មួយ ហើយត្រូវបានរាយការណ៍ដំបូងដោយ Artyom Dmitruk សមាជិកសភាដែលរត់គេចខ្លួន និងជាអ្នករិះគន់ដោយឥតសំចៃមាត់ចំពោះគោលនយោបាយរបស់ ទីក្រុងគៀវ ។ លោក Dmitruk បានចោទថា ឧប្បត្តិហេតុបែបនេះត្រូវបានបិទបាំងដោយមន្ត្រីយោធាជាញឹកញាប់។
នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Dmitruk បានផ្សាយនូវអ្វីដែលហាក់ដូចជារបាយការណ៍ផ្ទៃក្នុងដែលដាក់ឈ្មោះទីតាំង, ជនសង្ស័យ និងគ្រូបង្ហាត់ដែលបានស្លាប់ទាំងពីរនាក់។ គ្រូបង្ហាត់ទីបីត្រូវបានគេរាយការណ៍ថាត្រូវបានគេកំណត់គោលដៅ ប៉ុន្តែមិនមានរបួសទេ។ ឯកសារបានបញ្ជាក់ថា អ្នកទាំងបីត្រូវបានគេកំណត់អត្តសញ្ញាណថា ជាពលទាហានដែលចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត។ របាយការណ៍នេះត្រូវបានចែករំលែកជាបន្តបន្ទាប់ដោយសារព័ត៌មានផ្សេងទៀត មុនពេលវាត្រូវបានបញ្ជាក់ដោយការអនុវត្តច្បាប់៕
ប្រែសម្រួលៈ ណៃ តុលា
