ប៊ែរឡាំង៖ ការនាំចេញរថយន្តរបស់ប្រទេសអាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមេសា និងឧសភា បន្ទាប់ពីពន្ធថ្មីពីទីក្រុងវ៉ាស៊ីនតោន បានចូលជាធរមាន បើទោះបីជាមានការធ្លាក់ចុះតិចតួចនៃចំនួន ១.៩ ភាគរយក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៥ ក៏ដោយ។
យោងតាមការិយាល័យស្ថិតិសហព័ន្ធ (Destatis) ការនាំចេញយានយន្តទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១៤.៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីមួយ។ ទោះយ៉ាងណាក៏ដោយ ក្នុងខែមេសា និងឧសភា ការនាំចេញបានធ្លាក់ចុះ ២៣.៥ភាគរយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធ ២៥ ភាគរយលើការនាំចូលរថយន្តពីសហភាពអឺរ៉ុប។
ការកើនឡើងនៅក្នុងត្រីមាសទី១ ភាគច្រើនត្រូវបានជំរុញដោយការបញ្ជាទិញ ដែលផ្ទុកនៅខាងមុខ ខណៈដែលអតិថិជនអាមេរិក បានប្រញាប់ប្រញាល់ទិញមុនពេលការដំឡើងពន្ធដែលបានគ្រោងទុក ដែលផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ។ នៅពេលដែលកាតព្វកិច្ចចូលជាធរមាននៅថ្ងៃទី៣ ខែមេសា ការនាំចេញរថយន្តរបស់អាល្លឺម៉ង់ ត្រូវបានរងផលប៉ះពាល់ខ្លាំងជាងអ្នកវិភាគឧស្សាហកម្មបានរំពឹងទុក។
សមាគមឧស្សាហកម្មរថយន្តរបស់អាល្លឺម៉ង់ VDA ធ្លាប់បានព្រមានថា ពន្ធលើរថយន្តបន្ថែមនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការនាំចេញរថយន្តរបស់សហភាពអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក។ វាក៏បានគូសបញ្ជាក់ពីការខូចខាតដែលអាចកើតមាន ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សកល និងការកើនឡើងនៃការចំណាយ សម្រាប់អ្នកប្រើប្រាស់អាមេរិក។
សមាគមបានឲ្យដឹងថា “ពន្ធបន្ថែមរបស់សហរដ្ឋអាមេរិក បានបញ្ជូនសញ្ញាគ្រោះមហន្តរាយ សម្រាប់ការធ្វើពាណិជ្ជកម្មដោយសេរី និងផ្អែកលើច្បាប់” ដោយបន្ថែមថាគោលនយោបាយពន្ធរបស់លោក ត្រាំ បានប្រឈមមុខនឹងការរិះគន់រួចហើយពីក្នុងឧស្សាហកម្មអាមេរិក ហើយទីបំផុតនឹងរារាំងដល់កំណើនសេដ្ឋកិច្ច និងវិបុលភាពលើភាគីទាំងពីរនៃមហាសមុទ្រអាត្លង់ទិក៕
ប្រែសម្រួល ឈូក បូរ៉ា
