ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចំអកឱ្យលោកថាក់ស៊ីន ថា បើសម្ដេចអត់សីលធម៌ ហេតុអ្វីបានជាស្តាប់ការទូន្មាន រហូតហៅសម្ដេច ថាជាមេ០១

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចំអកអោយលោក ថាក់ ស៊ីន បើសម្ដេចអត់សីលធម៌ ហេតុអ្វីបានជាថាក់ ស៊ីន ពឹងពាក់សម្ដេច អស់រយៈពេល១៩ឆ្នាំ (2006-2025) លោកស្តាប់ការទូន្មាន របស់សម្ដេចរហូតហៅសម្ដេច ថាជាមេ០១។

តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើសពីនោះខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ !

ជាការកត់សំគាល់របស់ខ្ញុំ ចាប់តាំងពី ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារ២០០៦មកម្លេះ ហើយខ្ញុំក៏មិនចង់លើករឿងអ្នកឯងប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែរ វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមខ្ញុំនិយាយទេ នាំតែធ្វើឲ្យប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃ ប៉ុន្តែគ្នាអ្នកឯងទទួលស្គាល់ថាពិតជាមានមែន។

ប៉ុន្មានថ្ងៃមុនលោកនិយាយថា អ្នកដឹកនាំកម្ពុជាពុំមានសីលធម៍ទេ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងដូចកូនស្រីលោកប្រមាថមេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈដែលជាមូលហេតុធ្វើឲ្យមានការខឹងសម្បាពីប្រជាជនកម្ពុជា។

ខ្ញុំចង់សួរលោកថា បើខ្ញុំអត់សីលធម៍ ហេតុអ្វីបានជាលោកពឹងពាក់ខ្ញុំអស់រយៈពេល១៩ឆ្នាំ (2006-2025) លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជាមេ០១។

លោកចាំបានទេ ការរៀបចំគណបក្សភឿថៃ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១១ ក្រៅពីគំនិតមួយចំនួននៅមានទ្រឹស្តីមួយគឺ (ថាក់សុីនគិត ភឿថៃធ្វើ) នោះហើយជាទ្រឹស្តី ហ៊ុន សែន ដែល ខ្ញុំគួរតែរំលឹកដល់លោក។

នៅមានរឿងច្រើនណាស់ដែលខ្ញុំមិនទាន់និយាយរាប់ទាំងការតែងតាំងសមាជិករដ្ឋាភិបាលផងដែរ។

ការចោទប្រកាន់ថា លោកដឹកនាំបក្សភឿថៃគឺជារឿងពិត រាប់ទាំងការក្បត់ជាមួយភូមិចាយថៃ គឺជាគំនិតលោកទាំងអស់ មិនមែនជាគំនិតអ៊ុងអុីនទេ៕»

To Top