ស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំបានធ្វើការឃាត់ខ្លួនអ្នកផ្តល់ទីតាំង និងអ្នកភ្នាល់ល្បែងជល់មាន់៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ត្រូវបានព្រះរាជអាជ្ញាចេញពីការឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្តនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោកវរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថានៅចំណុចភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ មានមនុស្ស ១ក្រុម កំពុងលេងល្បែងជល់មាន់ដោយខុសច្បាប់។

ក្រោយពីទទួលបានព័ត៌មានរួចមក លោកបានដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោល បានចុះដល់ទីតាំងលេង និងបានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ ប្រុស (ម្ចាស់ផ្តល់ទីតាំង១នាក់ និងអ្នកភ្នាល់ល្បែង២នាក់) ព្រមទាំងបានដកហូត មាន់ជល់ ២ក្បាល, ជញ្ជីង ១គ្រឿង និងសម្ភារមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ខ្លួន និងបក្សពួកពិតជា បានប្រព្រឹត្តសកម្មភាពខាងលើពិតប្រាកដមែន៕
