ភ្នំពេញ ៖ ស្នងការការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសម្រេចប្រជុំក្រុមប្រឹក្សាវិន័យ ដើម្បីស្នើសុំគោលការណ៍ ទៅថ្នាក់លើ បណ្តេញលោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៨៣៨១២ចេញពីក្របខណ្ឌនគរបាល ក្រោយពាក់ព័ន្ធទៅនឹង ការលក់ដីឡូតិ៍ខ្យល់ឲ្យប្រជាពលរដ្ឋ ។
យោងតាមការផ្សព្វផ្សាយ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃ២១ កក្កដា បានឲ្យដឹងថា ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានស្នើសុំគោល ការណ៍អគ្គស្នងការដ្ឋាន នគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យ ក្រោមរូបភាពបណ្តេញ ចេញពីក្របខណ្ឌនគរបាលជាតិ ពាក់ព័ន្ធនឹងមន្រ្តីរូបនេះបានល្មើសវិន័យ កងកម្លាំង នគរបាលជាតិ អវត្តមានបាត់មុខ គ្មានមូលហេតុ ដោយមិនបានមកបំពេញ ភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃ និងមិនទទួលខុសត្រូវ ចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។

ដូចនេះ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រជុំក្រុមប្រឹក្សាវិន័យ ហើយបានសម្រេចសុំគោលការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តវិន័យ កងកម្លាំងនគរបាលជាតិ ។
ការស្នើសុំបណ្តេញ ចេញពីនគរបាលនេះ ធ្វើឡើងក្រោយមានការផ្សាយ ព័ត៌មានតាមបណ្តាញសង្គមថា មានប្រជាពលរដ្ឋ ជាច្រើននាក់បានធ្វើការតវ៉ា ពាក់ព័ន្ធបញ្ហាទិញដីឡូត៍ពីលោក ជឿន សារួន អធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយបង់លុយរួចហើយ និងកំពុងបង់លុយបន្តតែមិនទទួលបានដី ហើយនឹងប្លង់ដែលអធិការរងខណ្ឌព្រែកព្នៅ បានរត់គេចខ្លួន ទៅក្រៅប្រទេសបាត់ ។
ប៉ុន្តែទោះបីជាយ៉ាងណាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញគូសបញ្ជាក់ថា ករណីអធិការរងខណ្ឌ ព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហា ពាក់ព័ន្ធនិងរឿងរ៉ាវដីធ្លី ជាមួយប្រជា ពលរដ្ឋ ជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធ ជាមួយអង្គភាពឡើយ ៕
