ម៉ូស្គូ៖ បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយ យ៉ាងឆាប់រហ័យលើប្រទេសអ៊ុយក្រែន ប៉ុន្តែគោលបំណងសំខាន់ គឺដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។
លោក Peskov បានប្រាប់ទូរទស្សន៍រដ្ឋ នៅក្នុងបទសម្ភាសន៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន “បាននិយាយម្តងហើយម្តងទៀត អំពីបំណងប្រាថ្នារបស់លោក ក្នុងការនាំយកដំណោះស្រាយអ៊ុយក្រែន ទៅកាន់ការចរចាដោយសន្តិវិធី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះជាដំណើរការដ៏យូរអង្វែង វាទាមទារឱ្យមានការខិតខំប្រឹងប្រែង ហើយវាមិនងាយស្រួលនោះទេ” ។
លោកបានបន្ថែមថា គោលដៅរបស់យើងគឺច្បាស់លាស់ ពួកគេច្បាស់លាស់ មិនមានការផ្លាស់ប្តូរនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
មន្ត្រីរុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងសន្តិភាពណាមួយជាប់ទាក់ទង នឹងការដកកងកម្លាំងអ៊ុយក្រែន ចេញពីតំបន់ចំនួនបួន ដោយបោះបង់ការដេញថ្លៃ ដើម្បីចូលជាសមាជិករបស់អង្គការណាតូ និងបញ្ឈប់ការដាក់ ពង្រាយទ័ពរបស់ណាតូ។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា មន្ត្រីរបស់លោកបានស្នើ ឱ្យរៀបចំកិច្ចចរចាសន្តិភាពថ្មីមួយ ជាមួយទីក្រុងមូស្គូក្នុងសប្តាហ៍នេះ។ លោកបានលើកឡើងក្នុងសុន្ទរកថា ល្ងាចរបស់លោកទៅកាន់ប្រទេសជាតិថា៖ «អ្វីៗគួរតែធ្វើដើម្បីសម្រេចបានបទឈប់បាញ់មួយ» ៕
ប្រែសម្រួល ឈូក បូរ៉ា
