កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និង លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលពិធីនេះបានរៀបចំនៅក្នុងបរិវេណ បូជនីយដ្ឋានយុទ្ធជនពលី ស្ថិតនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ គណៈអធិបតី បានពាំនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនចំពោះ អតីតយុវជន និងនិវត្តន៍ជន ចំនួន ១០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ១បាវ, ទឹកសុទ្ធ ១កេះ, មី១កេះ, ត្រីខ ១យួរ, ទឺកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងថវិកាមួយចំនួនផងដែរ។ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់ជូនស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងនូវកុំព្យូទ័រ ចំនួន១គ្រឿង ព្រីនធ័រចំនួន ១គ្រឿង និងម៉ាសុីនទឹកក្តៅ-ត្រជាក់ចំនួន ១គ្រឿង ព្រមទាំងតុកៅអីប្រជុំ និងសម្រាប់បំពេញការងាររដ្ឋបាលប្រចាំថ្ងៃ របស់ស្នាក់ការនេះផងដែរ ។

គួរជម្រាបជូនផងថា អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងនេះ មាន ទទឹងប្រវែង ៩ម៉ែត្រ បណ្ដោយប្រវែង ២៨ម៉ែត្រ ស្មើនឹង ២៥២ម៉ែត្រការ៉េ,ប៉ឺបមុខក្រោយ ១០,៥០ម៉ែត្រ គុណនឹង ៦,៥០ម៉ែត្រ ស្មើរនឹង ៦៨ម៉ែត្រការ៉េ ដែលចែកចេញជា ១០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហើយក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងការសាងសង់អគារនេះផងដែរ៕






