កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្តឆ្នាំ ២០២៥ នៅថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២៥ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម បានផ្ដល់អនុសាសន៍ ជំរុញឲ្យក្រុមការងារចុះមូលដ្ឋាន ក្រុងកំពង់ចាម បន្តបំពេញភារកិច្ចឲ្យកាន់តែប្រសើរថែមទៀត សម្រាប់ឆមាសទី២ ។

លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា សម្រាប់ឆមាសទី១ កន្លងទៅនេះ ក្រុមការងារចុះមូលដ្ឋានក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម បានរួមគ្នាបំពេញភារកិច្ច ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ ជាពិសេសគឺបានដោះស្រាយបញ្ចប់នូវបញ្ហាមួយចំនួន ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ កន្លងមក ត្រូវបានទទួលការសាទរ និងការសប្បាយរីករាយ ពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ដែលទាំងនោះ គឺជាមោទនភាព សម្រាប់ក្រុមការងារយើងទាំងអស់គ្នា ដែលយើងបានធ្វើការងារបំពេញ ឆ្លើយតបទៅនឹងសំណើរ សំណូមពរ របស់ប្រជាពលរដ្ឋ។

ដើម្បីឲ្យក្រុមការងារអនុវត្ត បន្តនូវសកម្មភាពការងារសម្រាប់ធមាសទី ២ ឆ្នាំ ២០២៥ ទទួលបានលទ្ធផលកាន់តែប្រសើរថែមទៀត លោកអភិបាលខេត្ត បានផ្ដល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោមនេះ ៖
ទី១ ៖ សូមឲ្យថ្នាក់ដឹកនាំទាំងអស់ បន្តយកចិត្តទុកដាក់ ពង្រឹងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ឱ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ ។
ទី២ ៖ សូមឱ្យបន្តការចុះធ្វើវេទិកាសាធារណៈ នៅតាមបណ្ដាសង្កាត់ ទាំង៤ ដើម្បីទទួលយកសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋមកដោះស្រាយជូនពួកគាត់។
ទី៣ ៖ សូមជំរុញបន្ថែម នូវការបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត តាមរយៈយន្តការច្រកចេញចូលតែមួយ ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរក្រុងកំពង់ចាម ធ្វើការងារជាមួយអ្នកពាក់ព័ន្ធ ដើម្បីរៀបចំប្រព័ន្ធខ្សែភ្លើង ខ្សែកាប ឬខ្សែអ៊ីនធឺណិត ឱ្យមានសណ្ដាប់ធ្នាប់ កុំឱ្យប៉ះពាល់ដល់សោភ័ណភាពក្នុងក្រុងផង និងបង្ការជៀសវាងការកើតមានអគ្គីភ័យ ដោយការឆ្លងចរន្តគិសនីផងដែរ ៕
