បរទេស៖ មន្ត្រីអ៊ុយក្រែនបានអះអាងថា ទីក្រុងមូស្គូបានបាញ់មីស៊ីល និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង វាយប្រហារមកលើទីក្រុងគៀវនៅពេលយប់ ។ ចំណែកក្រសួងការពារជាតិរុស្ស៊ីវិញ គឺមិនទាន់ធ្វើអត្ថាធិប្បាយរឿងនេះនៅឡើយទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការវាយប្រហារលើកដំបូង ត្រូវបានគេរាយការណ៍ភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ដោយអភិបាលក្រុង Vitaly Klitschko របស់អ៊ុយក្រែន បានជំរុញឱ្យអ្នកស្រុកស្វែងរកទីជំរក ខណៈដែលកងកម្លាំងការពារ ដែនអាកាស របស់រដ្ឋធានីបានភ្ជាប់គោលដៅចូលមក។
ការផ្ទុះបន្ថែមទៀតត្រូវបានគេឮនៅចន្លោះម៉ោង ២ ព្រឹកដល់ម៉ោង ៣ ព្រឹក ដោយប្រធានរដ្ឋបាលយោធារបស់ទីក្រុង គឺលោក Timur Tkachenko បានបញ្ជាក់ថា “ភ្លើងបានឆាបឆេះនៅលើដំបូលអគារ ដែលមិនមែនជាលំនៅដ្ឋាន”។
មន្ត្រីអ៊ុយក្រែនបានអះអាងថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គិតត្រឹមម៉ោង ៥ ព្រឹក បន្ទាប់ពីបានធ្លាក់កំទេចកំទីពីកាំជ្រួចដែលស្ទាក់ចាប់បាន និងយន្តហោះគ្មានមនុស្សបើក ដែលបានបង្កឲ្យមានភ្លើងឆេះជាច្រើន។
មន្ត្រីទីក្រុងគៀវ ក៏បានរាយការណ៍ថា “ការខូចខាតនៅជិត ច្រកចូលស្ថានីយ៍រថភ្លើងក្រោមដី Lukyanovskaya” – ដែលមានទីតាំងនៅកាត់ផ្លូវ ដោយផ្ទាល់ពីរោងចក្រអភិវឌ្ឍន៍ និងផលិតមីស៊ីល Artem ៕
ប្រែសម្រួលៈ ណៃ តុលា
