ព័ត៌មានជាតិ

កម្ពុជា ចូលរួមអនុវត្តន៍ អនុសញ្ញាមីនអន្តជាតិអូតាវ៉ា ប្រកបដោយជោគជ័យ ទាំងឆាកជាតិ និងអន្តរជាតិ

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានលើកឡើងថា កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា ហើយបានចូលរួមអនុវត្តន៍អនុសញ្ញានេះ ប្រកបដោយជោគជ័យ ទាំងឆាកជាតិ និងអន្តរជាតិ។

ការលើកឡើងរបស់ លោក ហេង រតនា បន្ទាប់ពីភាគីថៃ ចង់ប្តឹង UN ថា កម្ពុជារំលោភអនុសញ្ញាអូតាវ៉ាក្រោយទាហានថៃរងរបួសដោយសារជាន់មីន នៅតំបន់ព្រំដែន កម្ពុជា-ថៃ។

តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោក ហេង រតនា បានគូសបញ្ជាក់ថា «កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និងបានសកម្មចូល រួមអនុវត្តន៍ អនុសញ្ញានេះ ប្រកបដោយជោគជ័យ ទាំងឆាកជាតិនិងអន្តរជាតិ ទាំងមុននិងក្រោយក្លាយខ្លួន សមាជិកពេញសិទ្ធ នៅឆ្នាំ២០០០ ។ កម្ពុជា បានបញ្ជាក់ថា គ្រប់ភាគីជម្លោះ បានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សមានចំនួនប្រមាណ ៤-៦លានគ្រាប់ ហើយគិតមកដល់ពេលនេះកម្ពុជា បានបោសសម្អាត និង កម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុង ផ្ទៃប្រទេសសម្រាប់បម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡើងវិញ»។

គិតមកដល់ពេលនេះ កម្ពុជា បានបោសសម្អាតនិងកម្ទចចោលទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង ៤លាន ៤៦ម៉ឺនគ្រាប់។

លោក បន្ដថា ដូច លោក លើកឡើងកន្លងមកបូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ ខាងក្រោមនេះជាខ្លឹមសារសង្ខេប នៃមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា ដូចជា៖ រដ្ឋភាគីនីមួយៗ មានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីន គ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំង មានមីនស្ថិតនៅក្រោមយុត្ថាធិការ ឬ ការគ្រប់គ្រង់របស់ខ្លួន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំ បន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។

លោក ហេង រតនា បន្ថែមថា រដ្ឋភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយផ្សេងទៀតនៅគ្រប់ទីតាំង ដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិល ពីការគ្រោះថ្នាកុំដោយសារគ្រាប់មីន គ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីន គ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់ នោះត្រូវបានកម្ទេចចោល ៕

To Top