កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ឆ្នាំង, លោកអភិបាលស្រុកសាមគ្គីមានជ័យ និង អាជ្ញាធរមូលដ្ឋាន អញ្ជើញទៅពិនិត្យស្ថានភាព ក្នុងតំបន់ដីសម្បទានសង្គមកិច្ច របស់អតីតយុទ្ធជន ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។

តំបន់សម្បទាននេះ មានផ្ទៃដីសរុប ១ ២០០ហិកតា ដោយបានសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងជំហានទីមួយ ចំនួន ១០៩ខ្នង ចាប់សាងសង់ នៅឆ្នាំ២០២២ និងបន្តសាងសង់ផ្ទះ ក្នុងជំហានទី២ ចំនួន ១១០ខ្នង ទៀត។ ដោយឡែក ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកសាងផ្លូវល្បាយក្រួស ចំនួន ២ខ្សែ ប្រវែងសរុប ៤ ១០០ម៉ែត្រ, និងសាងសង់អណ្ដូង ចំនួន ៤អណ្ដូង, បានតម្លើងម៉ាស៊ីនចម្រុះទឹកស្អាត ចំនួនកន្លែងផងដែរ ។ ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ក៏បានផ្ដល់ជូនអណ្ដូង ចំនួន៣បន្ថែមទៀត តាមសំណើរបស់ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា សម្រាប់បម្រើជូនសេចក្ដីត្រូវការ របស់គ្រួសារអតីតយុទ្ធជន ។

បន្ទាប់មក លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវ១ខ្សែ ប្រវែង១៧គីឡូម៉ែត្រ ដែលចាប់ផ្ដើមពីភូមិស្រែសារ ឃុំត្បែងខ្ពស់ ទៅដល់ភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ ខ្សែផ្លូវត្រូវបានក្រសួងដាក់បញ្ចូលទៅគម្រោងស្ថាបនា ជាផ្លូវក្រាលកៅស៊ូពីរជាន់ នៅចុងឆ្នាំ២០២៦ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាល និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA)៕






